នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារដឹកនាំគ្រប់គ្រងអន្តរកម្មវិធីប្រចាំតំបន់មេគង្គលើ អមដោយមន្ត្រីពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ បានចុះពិនិត្យ សម្របសម្រួលការប្រមូលទិញស្រូវពីគ្រួសារកងទ័ព នៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។
ក្នុងការដំណើរចុះពិនិត្យ ឯកឧត្ដមរដ្ឋលេខាធិការ បានអញ្ជើញជួបជាមួយតំណាង ក្រុមហ៊ុន ជីប ម៉ុង (Khmer Beverages) និងបងប្អូនគ្រួសារកងទ័ព កងពលលេខ៣។ ក្រុមហ៊ុន បានជួយទិញស្រូវពីគ្រួសារកងទ័ពក្នុងទំហំសរុបជាង ៦០០តោន ក្នុងស្រុកជាំក្សាន្ដ ក្នុងមួយថ្ងៃ ក្រុមហ៊ុន ប្រមូលទិញស្រូវបានជាង ១១០តោន (ជាមធ្យម ៤ថ្ងៃបាន ៤៥០-៦០០តោន) ដោយក្រុមហ៊ុនប្រមូលទិញ ប្រភេទស្រូវ ផ្ការំដួល និងនាងអំ ក្នុងតម្លៃ ១០០០រៀល ក្នុង១គីឡូក្រាម។
ជំនួបនេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនជីប ម៉ុង ចំពោះការចូលរួមប្រមូលទិញស្រូវពីក្រុមគ្រួសារយុទ្ធជន និងក៏បានពិភាក្សាពីស្ថានភាពទីផ្សារស្រូវ ការប្រមូលទិញស្រូវ និងការជួយដោះស្រាយការកកស្ទះដើម្បីរក្សាលំហូរទីផ្សាររបស់ប្រជាកសិករ ដោយមានមន្ទីរកសិកម្មខេត្ដជាសេនាធិការរបស់ក្រសួងកសិកម្ម ជួយសម្របសម្រួល៕







