ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិរបស់ជប៉ុន បាននិយាយនៅថ្ងៃពុធ (១៩ វិច្ឆិកា) នេះថា អគ្គិភ័យដ៏ធំមួយបានលេបត្របាក់អគារជាង ១៧០ខ្នង នៅក្នុងទីក្រុងឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសជប៉ុន ដោយបានឆាបឆេះយ៉ាងសន្ធោសន្ធៅពេញមួយយប់ ហើយនៅតែមិនទាន់រលត់ទាំងស្រុងនៅឡើយទេ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយជប៉ុន បានឱ្យដឹងថា អ្នកស្រុកប្រហែល ១៧៥គ្រួសារនៃសង្កាត់ Saganoseki ក្នុងទីក្រុង Oita ចម្ងាយប្រហែល ៧៧០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងតូក្យូ បានរត់ភៀសខ្លួនទៅកាន់ទីជម្រកសង្គ្រោះបន្ទាន់ បន្ទាប់ពីអគ្គិភ័យបានផ្ទុះឡើងនៅវេលាម៉ោងក្នុងស្រុកប្រហែល ៥:៤០នាទីល្ងាច កាលពីថ្ងៃអង្គារ។
ទីភ្នាក់ងារនេះនិយាយថា មនុស្សម្នាក់នៅតែបាត់ខ្លួន ខណៈមូលហេតុនៃអគ្គិភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ រូបភាពពីលើអាកាសរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញឱ្យឃើញអគារលំនៅឋានដែលឆេះក្លាយទៅជាគំនរបាក់បែក និងផ្សែងហុយចេញពីទីនោះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អណ្តាតភ្លើងក៏បានរាលដាលដល់ជម្រាលព្រៃក្បែរនោះផងដែរ។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយនៅក្នុងសារបង្ហោះលើបណ្ដាញសង្គម X ថា៖ ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យយោធាមួយគ្រឿងត្រូវបានបញ្ជូនទៅទីកើតហេតុ តាមសំណើរបស់អភិបាលខេត្ត Oita៕