ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (១៨ វិច្ឆិកា) បានប្រកាសថា រូបលោកបានកំណត់ជាផ្លូវការហើយ ក្នុងការចាត់តាំងអារ៉ាប៊ីសាអ៊ូឌីត ឱ្យក្លាយជាសម្ព័ន្ធមិត្តមិនមែនណាតូដ៏សំខាន់មួយ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់លោក Trump ជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គ Mohammed bin Salman នៅថ្ងៃអង្គារដដែលនោះ នៅពេលដែលរជ្ជទាយាទអង្គនេះមានបន្ទូលសន្យាថា នឹងបង្កើនការវិនិយោគទ្រង់ទ្រាយធំរបស់ទីក្រុងរីយ៉ាដ នៅក្នុងសហរដ្ឋអាមេរិក ចាប់ពី ៦០០ពាន់លានដុល្លារ ដល់ ១សែនកោដិដុល្លារ។
ថ្លែងក្នុងក្នុងអំឡុងពិធីអាហារពេលល្ងាចកាលពីថ្ងៃអង្គារជាមួយរជ្ជទាយាទ Mohammed លោក Trump បាននិយាយថា "សម្ព័ន្ធភាពដ៏រឹងមាំនិងមានសមត្ថភាពកាន់តែខ្លាំង នឹងជំរុញផលប្រយោជន៍នៃប្រទេសទាំងពីរ ហើយនេះនឹងបម្រើផលប្រយោជន៍ដ៏ខ្ពស់បំផុតនៃសន្តិភាព"។
កាលពីដើមសប្តាហ៍នេះ លោក Trump បានបង្ហើបរួចទៅហើយថា លោកនឹងលក់យន្តហោះចម្បាំង F-35 ទៅឱ្យទីក្រុងរីយ៉ាដ ដែលធ្វើឱ្យអារ៉ាប៊ីសាអ៊ូឌីតក្លាយជាប្រទេសដំបូងគេនៅមជ្ឈិមបូព៌ាក្រៅពីអ៊ីស្រាអែល ដែលទទួលបានយន្តហោះដ៏ទំនើបបែបនេះ។ គួបញ្ជាក់ថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានសម្ព័ន្ធមិត្តធំៗចំនួន ១៩ប្រទេស ដែលមិនមែនជាអង្គការណាតូ រួមទាំងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាផងដែរ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសទីក្រុងវ៉ាស៊ីនតោន៕

