យោងតាមក្រសួងសុខាភិបាលសាធារណៈលីបង់ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៣ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងប្រទេសលីបង់ ។

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា ការវាយប្រហារដោយយានដ្រូន បានប៉ះចំរថយន្តមួយគ្រឿងកាលពីថ្ងៃអង្គារ ១៨ វិច្ឆិកា សប្ដាហ៍នេះ ក្នុងចំណតរថយន្តរបស់វិហារអ៊ីស្លាមមួយនៅ ជំរំជនភៀសខ្លួន Ein el-Hilweh ជាយក្រុងឆ្នេរសមុទ្រ Sidon។
ក្រសួងខាងលើបាននិយាយថា មនុស្សយ៉ាងហោចណាស់បួននាក់បានរងរបួសក្នុងការវាយប្រហារនេះ ដោយបន្ថែមថា រថយន្តសង្គ្រោះបន្ទាន់នៅតែដឹកជញ្ជូនអ្នករងរបួសបន្ថែមទៀតទៅកាន់មន្ទីរពេទ្យក្បែរនោះ។
ចំណែកអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារសមាជិកនៃក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលកំពុងប្រតិបត្តិការនៅបរិវេណហ្វឹកហាត់ក្នុងជំរំជនភៀសខ្លួននោះ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលយើងនិយាយថាយើងនឹងមិនអត់ឱនចំពោះការគំរាមកំហែងណាមួយនៅលើព្រំដែនភាគខាងជើងរបស់យើង នេះមានន័យថាក្រុមភេរវករទាំងអស់កំពុងប្រតិបត្តិការនៅក្នុងតំបន់។ យើងនឹងបន្តធ្វើសកម្មភាពយ៉ាងខ្លាំងក្លាប្រឆាំងនឹងការប៉ុនប៉ងរបស់ក្រុមហាម៉ាសក្នុងការបង្កើតមូលដ្ឋាននៅប្រទេសលីបង់ និងលុបបំបាត់ការរួមចំណែករបស់ក្រុមនេះ ដែលគំរាមកំហែងដល់សន្តិសុខរបស់អ៊ីស្រាអែល៕

