ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំជំនួបធុរកិច្ចទ្វេភាគីរវាងកម្ពុជា និងប្រទេសហុងគ្រី ដើម្បីផ្សព្វផ្សាយសក្តានុពលវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទៅលើវិស័យសក្តានុពលសំខាន់ៗ។
ជំនួបធុរកិច្ចកម្ពុជា-ហុងគ្រី លើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ តាមប្រព័ន្ធអនឡាញ ក្រោមមូលបទ “ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី៖ គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ចដែលធន់នឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩” ។
ជំនួបធុរកិច្ចនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងមានការអញ្ជើញចូលរួមដោយផ្ទាល់ពី មន្ត្រីជាន់ខ្ពស់ វិនិយោគិន និងធុរជនប្រមាណ៧០ នាក់។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាស្វាគមន៍ក្នុងជំនួបធុរកិច្ចកម្ពុជា-ហុងគ្រី លើកទី១ តាមប្រព័ន្ធអនឡាញក្រោមមូលបទ “ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី៖ គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ចដែលធន់នឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩” ។
អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម កម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្ម ហុងគ្រី ដែលបានរៀបចំជំនួបធុរកិច្ចដ៏មានសារៈសំខាន់មួយនេះ ក្នុងការចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរ ទៅលើវិស័យសក្តានុពលសំខាន់ៗរួមមាន ៖ កសិកម្ម និងកសិ- ឧស្សាហកម្ម ធារាសាស្ត្រ និងឧស្សាហកម្មវិស័យបរិស្ថាន សុវត្ថិភាពម្ហូបអាហារ សេវាកម្មទេសចរណ៍ បច្ចេកវិទ្យា វេជ្ជសាស្ត្រ និង ឱសថ និងកម្មន្តសាលនិងកាត់ដេរសំលៀកបំពាក់។
ក្នុងឱកាសនៃជំនួបពាណិជ្ជកម្មនេះ ភាគីកម្ពុជា និងហុងគ្រី ជជែកពិភាក្សាអំពីគោលនយោបាយលើកទឹកចិត្តចំពោះការវិនិយោគ ស្ថានភាពបច្ចុប្បន្នក៏ដូចជាតម្រូវការនានាក្នុងវិស័យ កសិកម្ម ការកែច្នៃនិងសុវត្ថិភាពម្ហូបអាហារ សេវាកម្មទេសចរណ៍ ធនធានទឹកនិងឧស្សាហកម្មក្នុងវិស័យបរិស្ថាន កម្មន្តសាលនិងកាត់ដេរសំលៀកបំពាក់ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រនិងឱសថ។
វិនិយោគិន និងធុរជន នៃប្រទេសទាំងពីរ បានស្វែងយល់ពីទិដ្ឋភាព សក្ដានុពល និងស្ថានភាពនៃការវិនិយោគនៃប្រទេសទាំងពីរ ព្រមទាំងបានពិភាក្សាអំពីលទ្ធភាពក្នុងការសហការវិនិយោគ និងធ្វើធុរកិច្ចរួមគ្នានាពេលអនាគត។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហុងគ្រី សម្រេចបានទំហំទឹកប្រាក់សរុបជាង ១៦ លានដុល្លារ ខណៈពេញមួយឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងហុងគ្រី មានជាង ៤ លានដុល្លារ៕ អត្ថបទ៖ វណ្ណៈ




