អ្នកការទូតអារ៉ាប់មួយរូបបានប្រាប់សារព័ត៌មាន The Times of Israelថា ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff នឹងជួបនៅថ្ងៃពុធ១៩វិច្ឆិកានេះ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ជាមួយគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ហាម៉ាសដែលដឹកនាំដោយលោក Khalil al-Hayya ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាបទឈប់បាញ់ដែលកំពុងបន្តនៅហ្កាហ្សា ។

ជំនួបនោះ នឹងជាកិច្ចប្រជុំលើកទីពីររបស់លោក Witkoff ជាមួយលោក Hayya បន្ទាប់ពីរូបលោក និងទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump គឺលោក Jared Kushner បានជួបជាមួយសមាជិកជាន់ខ្ពស់នៃក្រុមចរចាបទឈប់បាញ់របស់ហាម៉ាសជាច្រើនម៉ោងមុនពេលកិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខានៅប្រទេសអេហ្ស៊ីបកាលពីថ្ងៃ៩តុលា។
កិច្ចប្រជុំនោះត្រូវបានគេនិយាយថាមានសារៈសំខាន់ក្នុងការនាំយកកិច្ចព្រមព្រៀងនេះឆ្លងកាត់បន្ទាត់បញ្ចប់ ដោយទីប្រឹក្សារបស់លោក Trump បានធានាដល់មេដឹកនាំហាម៉ាសថា សហរដ្ឋអាមេរិកនឹងរក្សាអ៊ីស្រាអែលឱ្យគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដរាបណាក្រុមភេរវករនៅតែរក្សាជំហររបស់ខ្លួន។
ក្រុមហាម៉ាស និងក្រុមប៉ាឡេស្ទីនផ្សេងទៀត នៅហ្កាហ្សាកាលពីថ្ងៃអង្គារ១៨វិច្ឆិកា បានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលនឹងបង្កើតក្រុមប្រឹក្សាភិបាល និងកម្លាំងស្ថិរភាពអន្តរជាតិដើម្បីកាន់កាប់តំបន់ដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ៕

