គិតត្រឹមខែ១០ ឆ្នាំ២០២៥ នេះ, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាន បានអនុម័តសរុប មានចំនួនជាង ៥១ ពាន់ក្រុមហ៊ុន ដោយមានទំហំដើមទុនចុះបញ្ជីជិត ៨៥ ទ្រីលានរៀល ត្រូវប្រមាណជាង ២០,៧ ប៊ីលានដុល្លាអាមេរិក។
តាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX ជាថ្នាលបច្ចេក វិទ្យាឌីជីថលមួយ សម្រាប់សម្រួលដល់កិច្ចការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងនោះនៅក្នុងខែ តុលា ឆ្នាំ២០២៥នេះ, CamDX ទទួលបានចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ និងការត្រួតស៊ីគ្នា និងការទទួលសេចក្តីប្រកាសបើកក្រុមហ៊ុន មានចំនួនសរុបជាង ១ ពាន់ ក្រុមហ៊ុន ដោយមានទុនវិនិយោគសរុបប្រមាណ ១,៧៤ ទ្រីលានរៀល ត្រូវប្រមាណជាង ៤២៥ ប៊ីលានដុល្លារអាម៉េរិក។
នៅក្នុងខែតុលានេះដែរ, វិស័យដែលមានដើមទុនវិនិយោគច្រើនជាងគេរួមមាន៖ សកម្មភាពនៅមន្ទីរពេទ្យ មានទុនវិនិយោគ ជាង ៤៨ លានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោម មាន ៣៣ លានដុល្លារ, ការលក់ដូរ អាហារ ភេសជ្ជៈ និងថ្នាំជក់ ២៦ លានដុល្លារ, កម្មន្តសាលផលិតឈើ និងឈើស្នោ ១៩ លានដុល្លារ, សកម្មភាពរបស់ក្រុមហ៊ុនភាគហ៊ុន ១៧ លានដុល្លារ និងអាជីវកម្មផ្សេងៗទៀត មានទុនវិនិយោគជាង ២៨០ លានដុល្លារអាមេរិក។
ជុំវិញការចុះបញ្ជីនេះ បើគិតត្រឹមខែ ១០ ឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលបានអនុម័ត មានដើមទុនចុះបញ្ជីមានចំនួនសរុបជិត ៨៥ ទ្រីលានរៀល ក្នុងនោះការធ្វើអាជីវកម្ម លើសកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានទុនវិនិយោគប្រមាណ ១,៦៩ ប៊ីលានដុល្លារ, សកម្មភាពសេវាកម្មស្នាក់នៅ មានទំហំទឹកប្រាក់ជាង ១,៦៣ ប៊ីលានដុល្លារ, ការសាងសង់អគារ ១,៥២ ប៊ីលានដុល្លារ, កម្មន្តសាល សម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ ១,០៧ ប៊ីលានដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៩១៥ លាន ដុល្លារ និងការចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗទៀត មានចំនួនជាង ១៣,៨៧ ប៊ីលានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី