សមាជិកជនជាតិអង់គ្លេស៦នាក់នៃក្រុម Palestine Action ត្រូវបានកំណត់ជម្រះក្តីដោយអាជ្ញាធរចក្រភពអង់គ្លេសជាអ្នកដែលបាននិយាយថាក្រុមនេះមានបំណងបំផ្លាញទ្រព្យសម្បត្តិជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតអាវុធអ៊ីស្រាអែល Elbit Systems ។

រដ្ឋអាជ្ញាបាននិយាយនៅក្នុងការជម្រះក្តីកាលពីថ្ងៃអង្គារថា ចុងចោទបានរៀបចំផែនការយ៉ាងល្អិតល្អន់លើការវាយលុកនៅរោងចក្រផលិតអាវុធនៅភាគនិរតីទីក្រុង Bristol ប្រទេសអង់គ្លេសកាលពីដើមខែសីហា ឆ្នាំ២០២៤ ដែលតាមចោទប្រកាន់ថាបានបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងរងរបួសដល់មន្ត្រីនគរបាល។

រដ្ឋអាជ្ញា លោក Deanna Heer បានប្រាប់តុលាការថា បុរស និងស្ត្រីទាំង៦នាក់ គឺជាផ្នែកនៃក្រុមដែលបានប៉ុនប៉ង«បង្កការខូចខាតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។ ប៉ុន្តែពួកគេបានបដិសេធការចោទប្រកាន់ពីបទចូលលួចក្នុងស្ថានទម្ងន់ទោស ការបំផ្លិចបំផ្លាញក្នុងបទព្រហ្មទណ្ឌ និងភាពវិកវរបង្កអំពើហិង្សា។
តុលាការបានឃើញវីដេអូដែលថតដោយកាមេរ៉ារបស់ស្ថាប័ននគរបាល ព្រមទាំងកាមេរ៉ា GoPro ដែលបំពាក់ដោយចុងចោទ បង្ហាញឱ្យឃើញជនជាប់ចោទបានវាយកម្ទេចទ្រព្យសម្បត្តិនៅឯកន្លែងផលិតអាវុធ រួមទាំងយានដ្រូន។
រដ្ឋាភិបាលអង់គ្លេសបានចាត់ទុក Palestine Action ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ដោយក្រុមសកម្មជនដើម្បី «រំខានដល់ឧស្សាហកម្មអាវុធនៅចក្រភពអង់គ្លេស» ជាក្រុម «ភេរវករ» ក្នុងខែកក្កដា រយៈពេលជិតមួយឆ្នាំបន្ទាប់ពីឧបទ្ទវហេតុនៅរោងចក្រទីក្រុង Bristol ។