សារព័ត៌មានអាមេរិក Axios បានរាយការណ៍នៅថ្ងៃអង្គារ (១៨ វិច្ឆិកា) ដោយសម្អាងដល់ក្រុមមន្រ្តីអាមេរិក និងរុស្ស៊ីថា រដ្ឋបាលរបស់ទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងបង្កើតផែនការថ្មីមួយដោយស្ងាត់ៗដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងការពិគ្រោះយោបល់ពិភាក្សាជាមួយរុស្ស៊ី។

បណ្តាញព័ត៌មាននេះនិយាយថា សំណើថ្មីនេះគឺជាផែនទីបង្ហាញផ្លូវ ២៨ចំណុច ដែលត្រូវបំផុសគំនិតដោយផែនការសន្តិភាពមជ្ឈិមបូព៌ារបស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា។ Axios បានរាយការណ៍ដោយដកស្រង់ប្រភពថា ដោយស្រដៀងទៅនឹងផែនការហ្កាហ្សា សំណើនេះនឹងនាំឱ្យមាន "សន្តិភាពនៅអ៊ុយក្រែន ការធានាសន្តិសុខ សន្តិសុខនៅទ្វីបអឺរ៉ុប និងអនាគតនៃទំនាក់ទំនងអាមេរិក ជាមួយរុស្ស៊ី និងអ៊ុយក្រែន" ។
សេចក្ដីរាយការណ៍បន្តថា ប្រេសិតពិសេសរបស់អាមេរិក គឺលោក Steve Witkoff កំពុងដឹកនាំដំណើរការបង្កើតផែនការនេះ ហើយ "បានពិភាក្សាយ៉ាងទូលំទូលាយជាមួយប្រេសិតរុស្ស៊ី លោក Kirill Dmitriev"។ Axios និយាយទៀតថា លោក Witkoff បានពិភាក្សាពីផែនការនេះរួចទៅហើយជាមួយលោក Rustem Umerov ទីប្រឹក្សាសន្តិសុខរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កាលពីដើមសប្តាហ៍នេះ នៅទីក្រុង Miami ។
ប្រភពមន្ត្រីអាមេរិកមួយរូបក៏ប្រាប់សារព័ត៌មាន Axios ថា សេតវិមានក៏ចាប់ផ្តើមសង្ខេបប្រាប់ក្រុមមន្ត្រីអឺរ៉ុប អំពីសំណើនេះ។ សេតវិមាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

