យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ (១៨ វិច្ឆិកា) ថា ខ្លួនបានវាយប្រហារគោលដៅយោធានៅក្នុងទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលតាកទិកកងទ័ព ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដោយហៅជំហាននេះថាជា "ការវិវត្តដ៏សំខាន់មួយ"។

កន្លងមក អ៊ុយក្រែនមិនដែលបញ្ជាក់ដោយបើកចំហបែបនេះទេ ជុំវិញការប្រើប្រាស់ប្រព័ន្ធមីស៊ីលបាលីស្ទិកកម្រិតខ្ពស់អាចហោះហើរបានចម្ងាយ ៣០០គីឡូម៉ែត្រ ដែលផ្តល់ដោយសហរដ្ឋអាមេរិកមួយនេះ ទៅវាយលើគោលដៅក្នុងប្រទេសរុស្ស៊ី បើទោះបីជាការរឹតបន្តឹងលើសព្វាវុធនេះត្រូវបានដកចេញរួចទៅហើយក៏ដោយ ពីរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក Joe Biden កាលពីមួយឆ្នាំមុន។

នាយសេនាធិការយោធាទីក្រុងគីវ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា "ការប្រើប្រាស់សមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ រួមទាំងប្រព័ន្ធដូចជា ATACMS នេះ នឹងបន្តកើតមានទៀត"។ ទីក្រុងគីវ បានទទួលប្រព័ន្ធមីស៊ីលនេះនៅឆ្នាំ២០២៣ ប៉ុន្តែដំបូងឡើយ ត្រូវដាក់កំហិតឱ្យប្រើតែលើទឹកដីអ៊ុយក្រែនប៉ុណ្ណោះ ដែលជិត ១ភាគ៥ ត្រូវកាន់កាប់ដោយរុស្ស៊ីរួចទៅហើយ។
លោក Biden ដែលជាប្រធានាធិបតីអាមេរិកនៅពេលនោះ បានលុបចោលការរឹតត្បិតទាំងនេះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ជាសកម្មភាពមួយដែលត្រូវរិះគន់ដោយលោកប្រធានាធិបតីបច្ចុប្បន្ន Donald Trump៕