ក្រុមហាម៉ាស និងក្រុមប៉ាឡេស្ទីនផ្សេងៗទៀតនៅក្នុងតំបន់ហ្កាហ្សា បានច្រានចោលសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបង្កើតគណៈកម្មការគ្រប់គ្រង និងកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ដើម្បីកាន់កាប់តំបន់ដែលត្រូវបានហ៊ុមព័ទ្ធដោយអ៊ីស្រាអែល។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ក្រុមហាម៉ាស និងក្រុមផ្សេងទៀតនៅក្នុងតំបន់ហ្កាហ្សាបាននិយាយថា កិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកនឹងក្លាយជាក្របខ័ណ្ឌមួយ «ដែលត្រួសត្រាយផ្លូវសម្រាប់ការរៀបចំតំបន់ដែលស្ថិតនៅក្រៅឆន្ទៈជាតិប៉ាឡេស្ទីន» ។

ពួកគេបាននិយាយថា នៅក្នុងទម្រង់ដែលបានស្នើឡើងនាពេលនេះ កម្លាំងយោធាអន្តរជាតិដែលនឹងត្រូវដាក់ពង្រាយនៅតំបន់ហ្កាហ្សា «នឹងប្រែទៅជាប្រភេទនៃការគ្រប់គ្រង ឬការការពារដែលត្រូវបានដាក់ ដោយបង្កើតឡើងវិញនូវការពិតរឹតត្បិតសិទ្ធិរបស់ពលរដ្ឋប៉ាឡេស្ទីនក្នុងការសម្រេចចិត្តដោយខ្លួនឯង និងការគ្រប់គ្រងកិច្ចការរបស់ខ្លួន»។ ក្រុមនានាបាននិយាយថា ផែនការដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងគាំទ្រដោយរដ្ឋអារ៉ាប់មួយចំនួននៅក្នុងតំបន់ បង្ហាញពី «ទម្រង់នៃភាពជាដៃគូអន្តរជាតិដ៏ស៊ីជម្រៅនៅក្នុងសង្គ្រាមនៃការសម្លាប់រង្គាលដែលបានធ្វើឡើងដោយការកាន់កាប់របស់អ៊ីស្រាអែលទៅលើពលរដ្ឋរបស់យើង»។ ក្រុមហាម៉ាស និងក្រុមផ្សេងទៀតបាននិយាយថា សេចក្តីសម្រេចនេះក៏មិនអើពើចំពោះការវាយប្រហាររាល់ថ្ងៃរបស់ទាហាននិងអ្នកតាំងលំនៅឋានរបស់អ៊ីស្រាអែលនៅទូទាំងតំបន់កាន់កាប់ West Bank ហើយមិនយកចិត្តទុកដាក់ចំពោះមូលហេតុឫសគល់ដូចជាការបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល និងការប្រកាន់ពូជសាសន៍។