សហរដ្ឋអាមេរិក បានបញ្ជាក់ពីការលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ទំនើបឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃជិត ៧០០លានដុល្លារ ដែលត្រូវបានសាកល្បងរួច ក្នុងសមរភូមិនៅអ៊ុយក្រែន ដោយនេះគឺជាកញ្ចប់អាវុធទីពីរសម្រាប់កោះតៃវ៉ាន់ ក្នុងពេលត្រឹមតែមួយសប្តាហ៍។

នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មានតែប្រទេសអូស្ត្រាលី និងឥណ្ឌូនេស៊ីប៉ុណ្ណោះដែលដំណើរការប្រព័ន្ធនេះ ហើយសហរដ្ឋអាមេរិក ធ្លាប់និយាយកាលពីឆ្នាំមុនថា កោះតៃវ៉ាន់ នឹងទទួលបានខែលដែនអាកាសបែបនេះ ៣គ្រឿង ជាផ្នែកមួយនៃការលក់សព្វាវុធតម្លៃ ២ពាន់លានដុល្លារ។
ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនោះ ឈ្មោះថា ប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ថ្នាក់ជាតិ បាញ់ពីដីទៅអាកាស (NASAMS) ត្រូវបានផលិតឡើងដោយក្រុមហ៊ុន RTX និងជាសព្វាវុធថ្មីមួយសម្រាប់កោះតៃវ៉ាន់។ មន្ទីរបញ្ចកោណនិយាយថា ក្រុមហ៊ុននេះទទួលបានកិច្ចសន្យាតម្លៃថេរមួយ សម្រាប់លទ្ធកម្មនៃប្រព័ន្ធ NASAMS ជាមួយនឹងការងារប៉ាន់ស្មានថានឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០៣១។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន សហរដ្ឋអាមេរិក បានយល់ព្រមលក់គ្រឿងបន្លាស់នៃយន្តហោះចម្បាំង និងយន្តហោះផ្សេងទៀតទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃ ៣៣០លានដុល្លារ ជាកិច្ចព្រមព្រៀងលើកដំបូងបំផុត ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងកាលពីខែមករា ឆ្នាំនេះមក ដែលជំរុញឱ្យមានការខឹងសម្បារពីទីក្រុងប៉េកាំង៕

