របាយការណ៍របស់រដ្ឋាភិបាលវៀតណាម បាននិយាយនៅថ្ងៃពុធ (១៩ វិច្ឆិកា) នេះថា ជំនន់ទឹកភ្លៀងជុំថ្មី និងបំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាលប្រទេសនេះ ចាប់តាំងពីចុងសប្តាហ៍មុនមក បានបង្កការលិចលង់ជាថ្មីម្ដងទៀត ខណៈអ្នកស្លាប់កើនឡើងដល់ចំនួនយ៉ាងតិច ៨នាក់ ហើយអាជីវករក៏បានព្រមានថា គ្រោះធម្មជាតិនេះអាចរារាំងដល់ការប្រមូលផលកាហ្វេ ដែលកំពុងបន្ត។

ចាប់ពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍មុនមក ទឹកភ្លៀងបានធា្លក់លើសពីកម្រិត ១.១០០មីលីម៉ែត្រ នៅតំបន់ជាច្រើននៃភាគកណ្តាលវៀតណាម។ តំបន់នេះគឺជាកន្លែងសម្រាប់ខ្សែក្រវាត់ផលិតកម្មកាហ្វេដ៏សំខាន់ ក៏ដូចជាតំបន់ឆ្នេរដ៏ពេញនិយមបំផុតរបស់ប្រទេស ប៉ុន្តែងាយរងគ្រោះទៅនឹងព្យុះ និងទឹកជំនន់ណាស់។

រដ្ឋាភិបាលបាននិយាយក្នុងរបាយការណ៍នោះថា អ្នកស្លាប់ទាំងនោះ រួមមានអ្នកដំណើររថយន្តក្រុង ៦នាក់ ដែលស្លាប់ក្នុងបំណាក់ដីកាលពីល្ងាចថ្ងៃអាទិត្យ នៅតាមផ្លូវពីទីក្រុង Da Lat ទៅ Nha Trang ។ មនុស្ស ៧នាក់ នៅបន្តបាត់ខ្លួន ក្នុងនោះមាន ៣នាក់ត្រូវកប់ក្រោមបំណាក់ដី ក្នុងទីក្រុង Danang ។
រូបថតពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃពុធនេះ បានបង្ហាញឱ្យឃើញលំនៅឋានក្នុងភូមិជាច្រើននៅភាគកណ្តាលប្រទេស បានជន់លិចដល់ដំបូល ខណៈអ្នកស្រុកដែលជាប់គាំង អង្វរកសុំជំនួយ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម រាយការណ៍ថា ប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវជម្លៀសចេញពីផ្ទះសម្បែងដែលលិចលង់របស់ពួកគេ។ នៅខេត្ត Gia Lai ក្បែរនោះ សាលារៀនក៏ត្រូវបង្ខំចិត្តបិទទ្វារនៅថ្ងៃពុធនេះផងដែរ ដែលប៉ះពាល់ដល់សិស្សប្រមាណ ២៦.០០០នាក់៕