អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយកាលពីថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកាថា ស្ថានភាពនៅតំបន់ហ្កាហ្សាកាន់តែយ៉ាប់យ៉ឺនខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់ជន់លិចជំរំ ដែលគ្រួសារជនភៀសខ្លួនកំពុងរស់នៅក្នុងទីជម្រកបណ្តោះអាសន្ន។

លោកបានបញ្ជូនការព្រមានពីប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher ថា «ពលរដ្ឋប៉ាឡេស្ទីននៅទូទាំងតំបន់ហ្កាហ្សាជួបភាពត្រជាក់ និងរស់នៅក្នុងទឹក បន្ទាប់ពីមានភ្លៀងធ្លាក់កាលពីពេលថ្មីៗនេះ» ហើយ «ការខកចិត្តកំពុងកើនឡើងខណៈទឹកជំនន់ហក់ឡើង ហើយអ្វីដែលប្រជាជមាននៅសល់តិចតួច ក៏ត្រូវបានបំផ្លាញ»។ លោក Fletcher បាននិយាយថា «ការរឹតត្បិតដែលនៅសល់ត្រូវតែបានដកចេញ ដើម្បីទទួលបានជំនួយបន្ថែមទៀតជាបន្ទាន់» ។

លោក Haq បាននិយាយថា ក្រុមមនុស្សធម៌កំពុងចែកចាយតង់ និងការផ្គត់ផ្គង់ជាមូលដ្ឋាន ខណៈកំពុងវាយតម្លៃពីការខូចខាត ប៉ុន្តែតម្រូវការនៅតែបន្តកើនឡើង។ លោកបាននិយាយថា ជំនួយ១៨លានដុល្លារត្រូវបានបញ្ចេញពីមូលនិធិមនុស្សធម៌សម្រាប់ដែនដីប៉ាឡេស្ទីនដើម្បីគាំទ្រដល់គម្រោងជាង៣០ រួមមានទាំងអាហារ ទឹក សុខភាព ទីជម្រក និងការការពារនៅពេលដែលរដូវរងាខិតជិតមកដល់។
លោក Haq បាននិយាយថា អង្គការសហប្រជាជាតិនៅតែផ្តោតការយកចិត្តទុកដាក់លើការជួយសង្រ្គោះជីវិត ប៉ុន្តែបានសង្កត់ធ្ងន់ថា ឧបសគ្គក្នុងដំណើរការចូលតំបន់នោះនៅតែបន្តដាក់កម្រិតចំពោះការឆ្លើយតប។