លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ ១៩ វិច្ឆិកាសប្ដាហ៍នេះថា ភាគីអ៊ុយក្រែន ពុំបានផ្តល់ការឆ្លើយតបចំពោះគំនិតផ្តួចផ្តើមសន្តិភាពរបស់រុស្ស៊ី ក៏ដូចជាព័ត៌មានអំពីការត្រៀមខ្លួនរបស់ខ្លួន ដើម្បីបន្តការចរចាជាមួយទីក្រុងមូស្គូឡើយ ។

លោក Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា រហូតមកដល់ពេលនេះ រុស្ស៊ីមិនទាន់ទទួលបានព័ត៌មានណាមួយពីទីក្រុងគីវនៅឡើយទេ។ ជាក់ស្តែង លោក Vlodimir Zelenskyy កំពុងសំដៅទៅលើទំនាក់ទំនងដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃនេះ ។
លោក Peskov បាននិយាយថា ទាំងនេះគឺជាទំនាក់ទំនងរបស់លោក Zelenskyy ជាមួយមិត្តភក្តិទួរគីរបស់យើង ដែលទំនងជានឹងចូលរួមដោយប្រេសិតពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff ដោយបន្ថែមថា វិមានក្រឹមឡាំងនឹងរង់ចាំលទ្ធផលនៃការចរចាទាំងនេះ។
លោក Zelenskyy បានទៅដល់ប្រទេសទួរគីហើយនៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ ដើម្បីជំរុញការចរចា លើការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ យោងតាមរូបលោក គណៈប្រតិភូអ៊ុយក្រែននឹងបង្ហាញគំនិតរបស់ពួកគេទៅកាន់ដៃគូរបស់ខ្លួន និងពិភាក្សាអំពីការបន្តការដោះដូរអ្នកទោស។
លោក Zelenskyy និយាយថារូបលោកនឹងជួបប្រធានាធិបតីទួរគី Tayyip Erdoğan នៅថ្ងៃពុធនេះ ហើយគ្រោងពិភាក្សាពីជំហាននានាដើម្បីទទួលបានសន្តិភាព។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានទួរគីមួយថា បេសកជនពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff មានគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសទួរគីនៅថ្ងៃទី១៩ ខែវិច្ឆិកានេះ ដើម្បីរៀបចំកិច្ចចរចាជាមួយលោក Zelenskyy៕

