ក្រុមកម្មការិនី និងសហគមន៍មកពីវិស័យកសិកម្ម បានផ្ញើរសារអំពាវនាវដល់សហគមន៍អន្តរជាតិ មានវិធានការច្បាស់លាស់និងបន្ទាន់ដល់កងទ័ពថៃ ដែលបានប្រើអំពើយ៉ាងព្រៃផ្សៃចំពោះប្រជាពលរដ្ឋកម្ពុជា ពិសេស ទង្វើរដ៏ស្មោកគ្រោករបស់ទាហានឈុតខ្មៅថៃដែលបានចាប់រំលោភដ៏សាហាវយង់ឃ្នងលើពលករស្រ្តីខ្មែរកាលពីកន្លងទៅនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ក្រុមកម្មករ និងកសិករ បានបង្ហាញអារម្មណ៍ក្តុកក្តួល និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅបានធ្វើមកលើក្រុមពលករទេសន្តប្រវេសន៍ខ្មែរចំនួន១៣នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវយ៉ង់ឃ្នងក្នុងរូបភាពជាការវាយដំ ទាត់ធាក់ អុកស្វាយកំាំភ្លើង ជំរិតទារប្រាក់ និងអំពើថោកទាបជាករណីរំលោភសពសន្ថវៈដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្រ្តី ១នាក់ ដែលករណីនេះបានកើតឡើងនៅក្នុងខេត្ដចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជា នៅពេលដែលពលករខ្មែរបានធ្វើដំណើរ ចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលច្រកព្រំដែនគោកកម្ពុជា-ថៃត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ។
ក្រុមកម្មការិនី និងសហគមន៍កសិកម្ម បានទទូចម្តងហើយ ម្តងទៀតជូនដល់សហគមន៍អន្តរជាតិ ជាពិសេស អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធ សូមផ្តោតការយកចិត្តទុកដាក់ជាពិសេសក្នុងការតាមដាន និងជំរុញរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចថៃឱ្យធ្វើការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រកបដោយតម្លាភាព សំដៅធានាឱ្យបាននូវយុត្តិធម៌ និងសិទ្ធិមនុស្សជូនជនរងគ្រោះ ដែលជាពលករទេសន្តរប្រវេសន៍ខ្មែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី



