កំពង់ស្ពឺ៖ អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ឯកឧត្តម យឿន យឿត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្តប្រុងប្រយ័ត្នបន្ថែមទៀត និងត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ៣កុំ និង៣ការពារនេះតែម្តង ។
ក្នុងឱកាសចុះសំណេះសំណាល និងបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឯកឧត្តម យឿន យឿត បានលើកឡើងថា បើទោះបីជា បច្ចុប្បន្ននេះ កម្ពុជាយើងពុំមានករណីស្លាប់ដោយសារកូវីដ១៩ក្តី ប៉ុន្តែការរីករាលដាលនូវមេរោគកូវីដ១៩ បំប្លែងថ្មីនៅតែបន្ត ដូច្នេះយើងទាំងអស់គ្នាត្រូវអនុវត្តទៅតាមក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលលោកបានខិតខំទប់ស្កាត់ ដើម្បីសុខុមាលភាពរបស់ប្រជាជនយើងទាំងអស់គ្នា។
ឯកឧត្តម បានលើកឡើងទៀតថា មានតែប្រទេសកម្ពុជាទេ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃម្ពុជា ដែលបានយកវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ចាក់ស្រោចពេញប្រទេសដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ហើយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយថែមទៀតផង។
ឯកឧត្តម បានបន្តទៀតថា ខណៈដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់បងប្អូន គ្រប់រូបនៅទូទាំងប្រទេសនោះ ហើយបងប្អូនណាដែលមិនទាន់បានចាក់គប្បីប្រញាប់ទៅចាក់ ដើម្បីបង្ការខ្លួនឲ្យរួចផុតពីការឆ្លងនូវមេរោគកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងនេះតែម្តង។
ឯកឧត្តម បានលើកឡើងទៀតថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពនៃការបិទខ្ទប់ប្រទេស រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពការរស់នៅទេ ដោយសម្តេចបានឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ផ្តល់ទាំងស្បៀងអាហារ ថែទាំសុខភាពអ្នកដែលបានឆ្លងជម្ងឺកូវីដ១៩ ក្នុងសហគមន៍ផងដែរ។ ជាងនេះទៅទៀត សម្តេចតេជោ ក៏បានជម្រុញដល់មន្រ្តីសុខាភិបាល និងកងទ័ព បង្កើនល្បឿនក្នុងការយកវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដល់ក្នុងមូលដ្ឋានដោយឥតគិតថ្លៃ រួមទាំងជនបរទេសផងដែរឱ្យតែនៅក្នុងប្រទេសកម្ពុជា ៕
