អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យ មានការឯកភាពគ្នាក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅអាហ្វ្រិកខាងលិចនិងតំបន់Sahel។

លោកបានថ្លែងប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីការបង្កើតសន្តិភាព នៅអាហ្វ្រិកខាងលិចថា ស្ថានភាពសន្តិសុខ នៅអាហ្វ្រិកខាងលិច និងតំបន់ Sahel កាន់តែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

លោក ហ្គុយតឺរេស បាននិយាយថា វិបត្តិក្នុងតំបន់នេះ ទាមទារឲ្យមានការឆ្លើយតបក្នុងតំបន់ ដែលមានការរួបរួម មានភាពស៊ីសង្វាក់គ្នា និងផ្អែកលើការឯកភាពគ្នា ដោយបន្ថែមថា ឥឡូវនេះ គឺជាពេលវេលាសម្រាប់ការសន្ទនា និងកិច្ចសហការរវាងប្រទេសទាំងអស់ ដើម្បីពង្រឹងរចនាសម្ព័ន្ធសន្តិសុខ និងកិច្ចសហប្រតិបត្តិការនយោបាយ នៅក្នុងតំបន់។
លោកក៏បានព្រមានអំពីកង្វះខាតធនធានហិរញ្ញវត្ថុដែលបម្រុងទុក ដើម្បីសម្របសម្រួលការឆ្លើយតបក្នុងតំបន់សមស្របចំពោះអំពើភេរវកម្ម ក៏ដូចជាកង្វះខាតការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ផែនការឆ្លើយតបមនុស្សធម៌នៅក្នុងតំបន់ផងដែរ។
លោក ហ្គុយតឺរេស បានបញ្ជាក់ថា យើងក៏ត្រូវការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលមានភាពស៊ីសង្វាក់គ្នា ដើម្បីដោះស្រាយមូលហេតុចម្បងនៃអំពើភេរវកម្មផងដែរ៕