សហរដ្ឋអាមេរិក៖ ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានត្រៀមរួចរាល់ឆ្លើយតបទៅនឹងការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យារបស់រុស្ស៊ី ស្របពេលភាពតានតឹងកំពុងឡើងកម្ដៅខ្លាំងជុំវិញបញ្ហាអ៊ុយក្រែន ដោយការកំណត់ពីដែនវិសាលភាពនៃសកម្មភាពសងសឹក ឬទណ្ឌកម្ម អាស្រ័យទៅលើភាពធ្ងន់ធ្ងរនៃការលួចយកទិន្នន័យ។
ថ្លែងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីអ៊ុយក្រែនរាយការណ៍ថា ក្រសួងការពារជាតិ និងធានាគារចំនួន ២ របស់ខ្លួនត្រូវបានគេចូលលួចទិន្នន័យ លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុងវ៉ាស៊ីនតោនកំពុងសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ជាមួយសម្ព័ន្ធ NATO និងដៃគូផ្សេងទៀតដើម្បីពង្រីកការការពារទល់នឹងការគំរាម ក្នុងការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា។ សេតវិមាននិយាយថា ខ្លួនមិនទាន់បានកំណត់ពីការប៉ះពាល់នៅឡើយទេ សម្រាប់ការវាយប្រហារតាមបច្ចេកវិទ្យាកាលពីថ្ងៃអង្គារលើគេហទំព័រនានា និងធានាគាររបស់រដ្ឋាភិបាលអ៊ុយក្រែនក្នុងចំណោមប្រព័ន្ធកុំព្យូទ័រសំខាន់ៗផ្សេងទៀត។
ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងអឺរ៉ុបដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា គេពុំបានរំពឹងទុកនោះទេថា ការវាយប្រហារទាំងនោះត្រូវបានធ្វើឡើងដោយរុស្ស៊ី ដូចដែលក្រុមអ្នកជំនាញលោកខាងលិចជឿថា ជាស្នាដៃរបស់រុស្ស៊ីនោះ។ អង្គភាពសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ីមិនបានឆ្លើយតបភ្លាមៗទេ ទៅនឹងសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Reuters។ ការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា ជាផ្នែកមួយនៃយុទ្ធសាស្ត្រជាយូរមកហើយរបស់រុស្ស៊ី ហើយត្រូវបានប្រើប្រាស់ដោយក្រុងមូស្គូក្នុងការប្រឈមដាក់គ្នាដោយយោធា កាលពីអតីតកាលជាមួយហ្ស៊កហ្ស៊ី និងអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន