លោករដ្ឋមន្ត្រី Anton Siluanov បានប្រាប់អ្នកយកព័ត៌មានថា ក្រសួងហិរញ្ញវត្ថុរុស្ស៊ី នឹងប្រើប្រាស់វិធានការស្រដៀងគ្នានេះ ប្រសិនបើទ្រព្យសម្បត្តិរបស់រុស្ស៊ី ត្រូវបានរឹបអូស ដោយបន្ថែមថា សេចក្តីព្រាងនៃវិធានការបែបនេះ ត្រូវបានរៀបចំរួចរាល់ហើយ។
នាពេលថ្មីៗនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានផ្ញើលិខិតមួយទៅកាន់ប្រទេសសហភាពអឺរ៉ុប ដែលមានសំណើផ្លូវការសម្រាប់ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី និងជម្រើសហិរញ្ញប្បទានផ្អែកលើប្រាក់កម្ចីជំនួសពីរសម្រាប់អ៊ុយក្រែន។

លោកស្រី បានថ្លែងថា ក្នុងចំណោមជម្រើសសំខាន់ៗ គឺការគាំទ្រដើម្បីផ្តល់ហិរញ្ញប្បទានដោយរដ្ឋជាសមាជិក តាមរយៈជំនួយឥតសំណង ប្រាក់កម្ចីមានកំណត់ ដែលផ្តល់មូលនិធិដោយ EU ដែលខ្ចីប្រាក់នៅលើទីផ្សារហិរញ្ញវត្ថុ និងប្រាក់កម្ចីមានកំណត់ ដែលភ្ជាប់ទៅនឹងសមតុល្យសាច់ប្រាក់នៃទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់រុស្ស៊ី ដោយបន្ថែមថា ការសម្រេចចិត្តនេះ នឹងត្រូវធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូល EU នៅថ្ងៃទី១៨-១៩ ខែធ្នូ។
នៅពេលគេសួរអំពីវិធានការតបតចំពោះការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី លោក Siluanov បាននិយាយថា៖«វិធានការស្រដៀងគ្នានេះ នឹងត្រូវប្រើប្រាស់។ សេចក្តីព្រាងនៃវិធានការបែបនេះ ត្រូវបានរៀបចំរួចហើយ ក្នុងករណីមានសកម្មភាពអរិភាពពីប្រទេសលោកខាងលិច។ ដូច្នេះ កញ្ចប់បែបនេះ គឺជាផ្នែកមួយនៃសំណើរបស់យើង»៕
