សារព័ត៌មាន Politico បានរាយការណ៍នៅថ្ងៃពុធ (ទី១៩ ខែវិច្ឆិកា) នេះថា មន្ត្រីយោធាជាន់ខ្ពស់ ២រូបរបស់សហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ចនៅទីក្រុងគីវ ដែលជាការធ្វើដំណើរដ៏កម្រមួយក្នុងអំឡុងពេលមានសង្គ្រាមដោយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយបានទៅដល់ដោយមិនមានការជូនដំណឹង សម្រាប់កិច្ចពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែន ជាការប៉ុនប៉ងស្តារឡើងវិញនូវកិច្ចចរចាសន្តិភាពដែលជាប់គាំងជាមួយរុស្ស៊ី។

ដោយដកស្រង់សម្ដីពីបុគ្គលដែលដឹងផែនការនេះ សារព័ត៌មាន Politico បានឲ្យដឹងថា លេខាធិការកងទ័ព លោក Dan Driscoll និងអគ្គសេនាធិការកងទ័ព លោកឧត្តមសេនីយ៍ Randy George នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy មេបញ្ជាការជាន់ខ្ពស់ និងសមាជិកសភា។
ចំណែកសារព័ត៌មាន Wall Street Journal ដោយដកស្រង់ប្រភពនានា បានរាយការណ៍ដោយឡែកថា លោក Driscoll ក៏ត្រូវបានគេរំពឹងថា នឹងជួបមន្ត្រីរុស្ស៊ីនាពេលក្រោយ។ មិនមានការអត្ថាធិប្បាយភ្លាមៗនោះឡើយពីសេតវិមាន ឬមន្ទីរបញ្ចកោណ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។
រីឯសារព័ត៌មាន Axios ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋបាលរបស់លោក Trump បានបង្កើតផែនការថ្មីមួយ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដោយសម្ងាត់ ដោយពិគ្រោះយោបល់ជាមួយរុស្ស៊ី។
ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវពីសំណាក់មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក កើតមានឡើងនៅពេលដែលកងកម្លាំងរុស្ស៊ីរុលទៅមុខជាលំដាប់ នៅតាមផ្នែកខ្លះនៃសមរភូមិជួរមុខ និងបង្កើនការវាយប្រហារដោយមីស៊ីល និងយានដ្រូនលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងគីវ ស្វែងរកមធ្យោបាយថ្មី ដើម្បីទ្រទ្រង់ការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវ៕
