នៅពេលដែលរដ្ឋបាលរបស់លោក Donald Trump ស្វែងរកការធ្វើឡើងវិញនូវប្រព័ន្ធអន្តោប្រវេសន៍ និងនិរទេសមនុស្សរាប់ម៉ឺននាក់ ជនអន្តោប្រវេសន៍ជាច្រើនមានការភ័យបារម្ភកាន់តែខ្លាំង អំពីការរស់នៅ ក្នុងសហរដ្ឋអាមេរិក តែការតាំងចិត្តរបស់ពួកគេ ក្នុងការបន្តស្នាក់នៅ គឺមិនមានការផ្លាស់ប្តូរច្រើនឡើយ។
ការស្ទង់មតិថ្នាក់ជាតិថ្មី លើជនអន្តោប្រវេសន៍ នៅក្នុងប្រទេសនេះ ទាំងស្របច្បាប់ និងខុសច្បាប់ ព្រមទាំងភាពខុសគ្នាយ៉ាងទូលំទូលាយទាំងរបៀប និងពេលវេលាដែលពួកគេទៅដល់ បានរកឃើញថា ប្រហែលពាក់កណ្តាលនៃជនអន្តោប្រវេសន៍ទាំងអស់ និយាយថា ពួកគេមានអារម្មណ៍ថា មិនសូវមានសុវត្ថិភាពនោះឡើយ ចាប់តាំងពីលោក Trump ចូលកាន់តំណែង។
គួរបញ្ជាក់ថា ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយសារព័ត៌មាន The New York Times និងស្ថាប័ន KFF ជាអង្គការមិនរកប្រាក់ចំណេញដែលធ្វើការស្ទង់មតិ និងស្រាវជ្រាវ អំពីគោលនយោបាយសុខភាព។

ក្នុងចំណោមជនអន្តោរប្រវេសន៍ដែលត្រូវបានស្ទង់មតិ មិនថា ពួកគេនៅក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់ ឬអត់ ឬមានសញ្ជាតិជាពលរដ្ឋ ក្ដីបារម្ភ ដែលថា ពួកគេ ឬសមាជិកគ្រួសារ អាចត្រូវបានឃុំខ្លួន ឬនិរទេស បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីមុនពេលលោក Trump ឡើងកាន់អំណាច។
តែយ៉ាងណាក្ដី ភាគច្រើនក៏និយាយដែរថា អនាគតរបស់ពួកគេផ្ទាល់ ហើយកូនៗរបស់ពួកគេ នៅតែមានភាពភ្លឺស្វាង ដោយគោលគំនិតនៃក្តីស្រមៃក្លាយជាជនជាតិអាមេរិកនៅតែបន្តទាក់ទាញយ៉ាងមានឥទ្ធិពល។ ប្រហែល ៧០ភាគរយ បាននិយាយថា ប្រសិនបើពួកគេអាចត្រលប់ទៅកាន់ពេលវេលានោះវិញ ពួកគេនៅតែសម្រេចចិត្តធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដដែល៕

