រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថា លោកស្វាគមន៍ការសន្ទនាផ្នែកសន្តិសុខជាមួយប្រទេសលោកខាងលិច ខណៈដែលយោធារបស់លោកបានរាយការណ៍ពីការដកទ័ពរបស់ខ្លួន មួយចំនួនមកវិញនៅជិតប្រទេសអ៊ុយក្រែនជាសញ្ញាដែលអាចបង្ហាញថា វិមានក្រឹមឡាំងបានជ្រើសរើសច្រកការទូតសម្រាប់ពេលនេះ ទោះបីជាប្រទេសលោកខាងលិចមានការព្រួយបារម្ភ ចំពោះការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសជិតខាងរបស់ខ្លួន ដែលនឹងជិតមកដល់ក៏ដោយ។

លោក Putin បាននិយាយថា លោកមិនចង់បានសង្គ្រាមទេ ហើយនឹងពឹងផ្អែកលើការចរចា ខណៈដែលលោកជំរុញការទាមទាររបស់លោកសម្រាប់ប្រទេសលោកខាងលិច ដើម្បីបញ្ឈប់បំណងរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការណាតូ។ ក្នុងពេលជាមួយគ្នានេះ លោកមិនបានប្តេជ្ញាចិត្តក្នុងការដកទ័ពទាំងស្រុងនោះទេ ដោយនិយាយថា សកម្មភាពបន្ទាប់របស់ប្រទេសរុស្ស៊ីក្នុងការប្រឈមមុខ នឹងអាស្រ័យទៅលើការវិវត្តន៍នៃស្ថានភាព។ ខណៈវិធានការដកកងទ័ពបានធ្វើឱ្យទីផ្សារពិភពលោកមានភាពធូរស្រាល ក្នុងពេលមានភាពតានតឹងក៏ដោយ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនៅអឺរ៉ុបនៅតែប្រុងប្រយ័ត្នដោយនិយាយថា ពួកគេចង់ឃើញភស្តុតាងនៃការដកថយរបស់កងទ័ពរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីមិនបានបញ្ជាក់ថា កងទ័ពត្រូវបានដកចេញពីកន្លែងណា ឬចំនួនប៉ុន្មានកំពុងចាកចេញនោះទេ។ ប្រទេសអ៊ុយក្រែនបានបង្ហាញការមន្ទិលសង្ស័យ ចំពោះសេចក្ដីថ្លែងការណ៍របស់ប្រទេសរុស្ស៊ីស្ដីពីការដកកងទ័ព។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយថា យើងនឹងមិនជឿនៅពេលដែលយើងគ្រាន់តែស្ដាប់ឮ ប៉ុន្តែយើងនឹងជឿនៅពេលយើងឃើញការដកកងទ័ពចេញ។ សហរដ្ឋអាមេរិក និងអង្គការណាតូបានព្រមានថា កងកម្លាំងរុស្ស៊ីជាង ១៣០,០០០នាក់ត្រូវបានដាក់ពង្រាយនៅជិតអ៊ុយក្រែនអាចឈ្លានពានបានគ្រប់ពេលវេលា ដូច្នេះហើយពួកគេបានបញ្ជូនកងទ័ព និងយុទ្ធោបករណ៍ទៅគាំទ្រសមាជិកណាតូនៅអឺរ៉ុបខាងកើត៕
អត្ថបទ៖ ប៊ុនថន