គេហទំព័រព័ត៌មានរបស់អាមេរិក Axios បានរាយការណ៍ថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើតផែនការថ្មីមួយ ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន ខណៈពេលដែលកំពុងធ្វើការពិគ្រោះយោបល់ ជាមួយភាគី រុស្ស៊ី។
ដូចដែលបានរៀបរាប់លម្អិតនៅក្នុងការបោះពុម្ពផ្សាយ ដោយបានដកស្រង់សម្តីមន្ត្រីមកពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការដោយសម្ងាត់ក្នុងការពិគ្រោះយោបល់ជាមួយរុស្ស៊ី ដើម្បីរៀបចំផែនការថ្មីមួយ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន»។

របាយការណ៍នេះ បានបញ្ជាក់ថា៖«ផែនការរបស់សហរដ្ឋអាមេរិកចំនួន ២៨ ចំណុច ត្រូវបានបំផុសគំនិតដោយការជំរុញដោយជោគជ័យរបស់ប្រធានាធិបតី ត្រាំ សម្រាប់កិច្ចព្រមព្រៀងមួយនៅតំបន់ហ្កាហ្សា»។ យោងគេហទំព័រនេះ បេសកជនពិសេសរបស់មេដឹកនាំអាមេរិកសម្រាប់បេសកកម្មរក្សាសន្តិភាព លោក Steve Whitkoff បច្ចុប្បន្នដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតផែនការនេះ។ បន្ទាប់ពីបោះពុម្ពផ្សាយនោះ លោក «បានពិភាក្សាយ៉ាងទូលំទូលាយ» ជាមួយលោក Kirill Dmitriev ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសក្រៅ និងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ។
គេហទំព័រនេះ ក៏បានផ្តល់សេចក្តីដកស្រង់ចេញពីបទសម្ភាសន៍ជាមួយលោក Dmitriev ផងដែរ។ មន្ត្រីរុស្ស៊ីរូបនេះ បានបញ្ជាក់ថា លោកបានពិគ្រោះយោបល់ជាមួយលោក Whitkoff និងតំណាងផ្សេងទៀតនៃរដ្ឋ បាលទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេល បីថ្ងៃ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុង Miami រដ្ឋហ្វ្លរីដា នៅថ្ងៃទី ២៤-២៦ ខែតុលា។ លោក Dmitriev ក៏បានសម្តែងសុទិដ្ឋិនិយមទាក់ទងនឹងលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងដោះស្រាយជម្លោះនេះ៕
