ក្រសួងការពារជាតិបានឲ្យដឹងថា រ៉ូម៉ានីបានប្រញាប់ប្រញាល់ពង្រាយយន្តហោះចម្បាំង នាថ្ងៃពុធ (ទី១៩ ខែវិច្ឆិកា) នេះ នៅពេលដែលយានដ្រូន ១គ្រឿង បានរំលោភដែនអាកាសរបស់ខ្លួន ក្នុងអំឡុងពេលមានការវាយប្រហាររបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន នៅជិតព្រំដែន។
រដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) មួយនេះដែលមានព្រំដែន ៦៥០គីឡូម៉ែត្រជាមួយអ៊ុយក្រែន បានមានបំណែកយានដ្រូនរបស់រុស្ស៊ីធ្លាក់លើដែនដីរបស់ខ្លួនម្តងហើយម្តងទៀត នៅពេលដែលទីក្រុងមូស្គូ វាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់អ៊ុយក្រែន ឆ្លងកាត់ទន្លេ Danube ពីរូម៉ានី។

ក្រសួងបានឲ្យដឹងថា រ៉ាដាបានចាប់បានដំបូងនូវសញ្ញានៃយានដ្រូនចម្ងាយ ៨គីឡូម៉ែត្រ ក្នុងដែនអាកាសជាតិ នៅក្បែរភូមិ Periprava និង Chilia Veche ក្នុងតំបន់ Tulcea County។ ស្ថាប័ននេះបានបន្ថែមថា សញ្ញារបស់យានដ្រូនបានបាត់ចេញពីរ៉ាដា មុនពេលលេចឡើងជាបន្តបន្ទាប់រយៈពេល ១២នាទី នៅជិតភូមិនានា ក្នុងតំបន់ Galati County។
ក្រសួងបានបញ្ជាក់ថា រ៉ូម៉ានីបានប្រញាប់ប្រញាល់ពង្រាយយន្តហោះចម្បាំង Eurofighter ២គ្រឿង ដែលជាផ្នែកនៃបេសកកម្មនគរបាលដែនអាកាសអាល្លឺម៉ង់ ក្នុងប្រទេសរ៉ូម៉ានី ហើយក្រោយមកយន្តហោះចម្បាំង F-16 របស់រ៉ូម៉ានី ២គ្រឿង និងបានព្រមានពលរដ្ឋនៅភាគអាគ្នេយ៍នៃតំបន់ Tulcea និង Galati ឲ្យរកកន្លែងសុវត្ថិភាពលាក់ខ្លួន។ យ៉ាងណាក្ដី ក្រសួងបានបន្ថែមថា ខ្លួនមិនបានទទួលបានរបាយការណ៍ពីយានដ្រូនធ្លាក់បុកដីនៅក្នុងដែនដីរ៉ូម៉ានីឡើយ៕
