ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធ (ទី១៩ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានបាញ់មីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិកចំនួន ៤គ្រាប់ ទៅកាន់ទីក្រុង Voronezh នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ជាការប៉ុនប៉ងវាយប្រហារទៅលើគោលដៅជនស៊ីវិល។
យោធាអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានវាយប្រហារគោលដៅយោធា នៅរុស្ស៊ី ដោយប្រើប្រាស់មីស៊ីល ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដោយចាត់ទុកថា ជា «ការវិវត្តដ៏សំខាន់»។

ទីក្រុងគីវ បានទទួលប្រព័ន្ធមីស៊ីលនេះ កាលពីឆ្នាំ២០២៣ ប៉ុន្តែដំបូងឡើយត្រូវបានកម្រិតឲ្យប្រើប្រាស់តែនៅលើទឹកដីរបស់ខ្លួនប៉ុណ្ណោះ ដែលជិត ១ភាគ៥ ត្រូវបានគ្រប់គ្រងដោយរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ក្រុមការពារដែនអាកាស S-400 របស់រុស្ស៊ី រួមជាមួយប្រព័ន្ធមីស៊ីល និងកាំភ្លើង Pantsir បានបាញ់ទម្លាក់មីស៊ីល ATACMS ទាំងអស់»។
ក្រសួងបានបញ្ជាក់ថា ការធ្លាក់កម្ទេចកម្ទីនៃបំណែករបស់មីស៊ីលដែលបានត្រូវបំផ្លាញ បានបង្កការខូចខាតដល់ដំបូលផ្ទះអ្នកចូលនិវត្តន៍ និងមណ្ឌលកុមារកំព្រា ព្រមទាំងផ្ទះមួយខ្នង នៅទីក្រុង Voronezh ដោយបានបន្ថែមថា មិនមានអ្នកស្លាប់ ឬរបួស ក្នុងចំណោមជនស៊ីវិលនោះឡើយ។
ក្រសួងបានផ្សព្វផ្សាយរូបភាពនៃបំណែករបស់មីស៊ីល ហើយបានប្រាប់ថា កងកម្លាំងឈ្លបយកការណ៍តាមអាកាស បានកំណត់តំបន់ Kharkiv ជាទីតាំងបាញ់មីស៊ីល ATACMS ទាំងនេះ៕
