ភ្នំពេញ៖ នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា ប្រទេសជប៉ុន បានចាត់ទុកកម្ពុជា ជាមិត្តដ៏ល្អ និងចង់ឃើញប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្លាយជាដៃគូដ៏ល្អផងដែរ ក្នុងការថែរក្សាសន្តិភាព ទាំងនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។
នៅក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៦ ខែកុម្ភៈនេះ នៅទីក្រុងតូខ្យូ ឯកឧត្តម ហ្វូមីអូ គិស៊ី ដា (FUMIO Kishida) បានលើកឡើងថា ប្រទេសជប៉ុន បានចាត់ទុកកម្ពុជា ជាមិត្តដ៏ល្អ និងចង់ឱ្យជប៉ុន-កម្ពុជា មានទំនាក់ទំនងកាន់តែស៊ីជម្រៅ និងជាដៃគូក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការគាំទ្រដល់យុទ្ធសាស្ត្រ FOIP ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពរួម។
ឯកឧត្តម បានសម្តែងនូវការគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ជាពិសេសគំនិតផ្តួចផ្តើម និងកិច្ចការនានា ដែលសម្តេចតេជោ ហ៊ុន សែន បានរៀបចំ ដើម្បីព្យាយាមដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ហើយឯកឧត្តមសង្ឃឹមផងដែរថា កម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ នឹងអាចចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗទៀត ដែលអាស៊ានកំពុងមានកង្វល់នោះ។
ឯកឧត្ដម បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការចូលរួមប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការ PKO របស់ជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅកម្ពុជា ដែលជាប្រទេសគោលដៅទី១ ដោយនេះគឺជាការបង្ហាញឱ្យឃើញអំពីទំនាក់ទំនងដ៏រឹងមាំរវាងជប៉ុន-កម្ពុជា នៅក្នុងបុព្វហេតុសន្តិភាពសកល ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលនេះ ក៏ជាផ្នែកមួយ នៃការប្រារព្ធខួបដ៏មានអត្ថន័យនេះផងដែរ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូននាយករដ្ឋមន្ត្រីជប៉ុនអំពីការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់កងស្វ័យការពារជើងគោកជប៉ុនក្នុងប្រទេសកម្ពុជា នៅខេត្តព្រះសីហនុ នាពេលខាងមុខ ដែលសម្តេចតេជោ ក៏ធ្លាប់បានប្រាថ្នាថា "គប្បីធ្វើយ៉ាងណាឱ្យខួបនេះ ក្លាយទៅជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យការពារជាតិ។
ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា កម្ពុជា ធ្លាប់ទទួលកម្លាំង PKO ក្នុងឆ្នាំ១៩៩២-១៩៩៣ បច្ចុប្បន្ន កម្ពុជា ជាប្រទេសចូលរួមចំណែកការពារថែរក្សាសន្តិភាព ដោយបានបញ្ជូនកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅកាន់បណ្តាប្រទេសនានាជាច្រើន ដែលកំពុងមានជម្លោះ។
ជំហររបស់កម្ពុជា គឺនឹងខិតខំចូល រួមថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ធ្វើយ៉ាងណាឱ្យមានវិបុលភាពរួមសម្រាប់ទាំងអស់គ្នា។ ក្រៅពីនេះលើឆាកអន្តរជាតិ កម្ពុជា-ជប៉ុន ជានិច្ចកាល តែងតែគាំទ្រគ្នាទៅវិញទៅមកជាប់ជាប្រចាំផងដែរ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រសិនបើអាចធ្វើបាននៅពេលអនាគត៕អត្ថបទ៖ បាន ចក់



