ក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយ នៅថ្ងៃពុធ (ទី១៩ ខែវិច្ឆិកា) នេះ រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ បានលើកឡើងថា ទីក្រុងប៊ែរឡាំង នឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសន្តិសុខនៅក្នុងលំហអាកាស ដើម្បីការពារផលប្រយោជន៍របស់ខ្លួនឲ្យកាន់តែប្រសើរឡើង នៅក្នុងវិស័យមួយដែលប្រទេសនានាកំពុងប្រកួតប្រជែងដណ្តើមឥទ្ធិពលក្ដោបក្ដាប់រួចហើយ។
ក្រសួងទាំង២ បានបង្ហាញយុទ្ធសាស្ត្រសន្តិសុខអវកាសថ្មីទៅកាន់ខុទ្ទកាល័យ នាថ្ងៃទី១៩ ខែវិច្ឆិកានេះ ជាអ្វីដែលស្ថាប័នទាំង ២ បានប្តេជ្ញាចិត្ត ចំពោះការប្រើប្រាស់លំហអាកាសដោយសន្តិវិធី និងផ្អែកលើច្បាប់ ខណៈដែលក៏សន្យាផងដែរក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធអវកាសឲ្យមានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីធ្វើជាខែលរារាំង។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងការពារជាតិអាល្លឺម៉ង់តែមួយ គ្រោងនឹងវិនិយោគ ៣៥ពាន់លានអឺរ៉ូ (៤០ពាន់លានដុល្លារ) លើលំហអាកាសក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយយោធាអាល្លឺម៉ង់ នឹងបង្កើតជាឆ្អឹងខ្នងទ្រទ្រង់យុទ្ធសាស្ត្រអវកាស។
លោក Pistorius បាននិយាយថា យុទ្ធសាស្ត្រនេះកំណត់ក្របខ័ណ្ឌ សម្រាប់របៀបដែលអាល្លឺម៉ង់អាចការពារខ្លួនបានប្រសើរជាងមុន ប្រឆាំងនឹងប្រព័ន្ធកំណត់ទីតាំងសកលលោកដែលជាសញ្ញារំខានដោយប្រទេសរុស្ស៊ី នៅក្នុងតំបន់សមុទ្របាល់ទិក។
ចំណែករដ្ឋមន្ត្រីការបរទេស លោក Johann Wadephul បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះថា៖ «លំហអកាស គឺជាវេទិកា សម្រាប់ជម្លោះយោធា និងការប្រកួតប្រជែងសេដ្ឋកិច្ច ដែលបានបង្ហាញឲ្យឃើញនាពេលថ្មីៗនេះ ដោយសង្គ្រាមឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន»៕
