សារមន្ទីរ Louvre របស់ប្រទេសបារាំង នឹងដំឡើងកាមេរ៉ាខាងក្រៅចំនួន ១០០គ្រឿង នៅដំណាច់ឆ្នាំ២០២៦ ដែលជាផ្នែកនៃវិធានការ ដើម្បីរឹតបន្តឹងសន្តិសុខ បន្ទាប់ពីមានចោរកម្មដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីខែមុន។ នេះបើតាមការឲ្យដឹងពីនាយករបស់សារមន្ទី នាថ្ងៃពុធ (ទី១៩ ខែវិច្ឆិកា) នេះ។
ជាមួយគ្នានេះ លោកស្រីនាយក Laurence Des Cars ក៏បានប្រាប់អង្គសវនាការរដ្ឋសភាផងដែរថា ការមានទំនាក់ទំនងជាមួយនគរបាលទីក្រុងប៉ារីស នឹងត្រូវបានរឹតបន្តឹងជាមួយនឹងការដំឡើង «ប៉ុស្តិ៍នគរបាលកម្រិតខ្ពស់ នៅក្នុងអគាររបស់សារមន្ទី Louvre»។

គួរបញ្ជាក់ថា សកម្មភាពល្មួចកណ្ដាលថ្ងៃចែសកាលពីថ្ងៃទី១៩ ខែតុលា ដែលចោរ ៤នាក់ បានលួចគ្រឿងអលង្ការមានតម្លៃ ១០២លានដុល្លារ បានបង្កើតជាការងឿងឆ្ងល់លើកិត្តិសព្ទរបស់សារមន្ទីរដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោក ក្នុងនាមជាអ្នកការពារវត្ថុមានតម្លៃជាច្រើនរបស់ខ្លួន។
ទោះបីជាក្រុមស៊ើបអង្កេតបានចោទប្រកាន់ជនសង្ស័យ ៤រូប ដែលត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងការឆ្មក់ចូលលួចនេះ ក៏ទ្រព្យសម្បត្តិដ៏មានតម្លៃទាំងនោះមិនទាន់រកឃើញនៅឡើយទេ។
ក្រុមមន្ត្រីបានទទួលស្គាល់ថា មានកាមេរ៉ាសុវត្ថិភាពមិនគ្រប់គ្រាន់ ដើម្បីមើលឃើញជញ្ជាំងខាងក្រៅរបស់សារមន្ទីរ និងនៅយ៉ ដែលជាកន្លែងក្រុមចោរលួចចូល៕

