ភ្នំភ្លើង Semeru របស់ឥណ្ឌូនេស៊ី បានផ្ទុះឡើង នៅថ្ងៃពុធ (ទី១៩ ខែវិច្ឆិកា) នេះ ដែលជំរុញឲ្យទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេសនេះ ដំឡើងកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត។
យោងតាមទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូនេស៊ី បានឲ្យដឹងថា ការផ្ទុះនេះបានបង្កើតចរន្តដង់ស៊ីតេនៃឧស្ម័ន ផេះ និងថ្មភ្នំភ្លើងក្តៅខ្លាំងជាបន្តបន្ទាប់ដែលហូរចុះតាមជម្រាលភ្នំភ្លើងនេះ។
អាជ្ញាធរបានព្រមានថា ប្រជាជនគួរតែនៅឲ្យបានចម្ងាយយ៉ាងហោចណាស់ ៨គីឡូម៉ែត្រពីកំពូលភ្នំ ព្រោះដុំថ្មក្តៅ អាចនឹងខ្ទាតដោយកម្លាំងដ៏ខ្លាំងចេញពីរណ្ដៅភ្នំភ្លើង។

ជាមួយគ្នានេះ ប្រជាជនដែលនៅក្រៅតំបន់ហាមឃាត់ ក៏ត្រូវបានណែនាំឲ្យនៅចម្ងាយយ៉ាងតិច ៥០០ម៉ែត្រ ពីច្រាំងទន្លេតាមបណ្ដោយច្រករបៀង Besuk Kobokan។
គួរបញ្ជាក់ថា ភ្នំភ្លើង Semeru ដែលមានកម្ពស់ ៣.៦៧៦ម៉ែត្រ គឺជាភ្នំភ្លើងខ្ពស់បំផុតនៅលើកោះជ្វា ហើយក៏ជាភ្នំភ្លើងសកម្មបំផុតមួយរបស់ប្រទេសនេះ។ ឥណ្ឌូនេស៊ីជាទីកន្លែងនៃភ្នំភ្លើងសកម្ម ដែលមានចំនួនជិត ១៣០៕
