ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងរយៈពេល ២០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ។
ក្នុងអំឡុងពេលនៃទស្សនកិច្ច នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តមបណ្ឌិត Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា ព្រមទាំងបានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olivier J.P. Nduhungirehe រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិកានៃអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
ចំពោះកិច្ចពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olivier J.P. Nduhungirehe រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋរវ៉ាន់ដា ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដែលកំពុងរីកចម្រើន ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ២០០៥ ជាពិសេសលើកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងសេវាកម្មផ្លូវអាកាសដែលនឹងដើរតួជាឧបករណ៍ដ៏សំខាន់ក្នុងការពង្រីកការតភ្ជាប់ សម្រួលការផ្លាស់ប្តូរ និងពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច និងទំនាក់ទំនងប្រជាជន និងប្រជាជន។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខា លើឯកសារទ្វេភាគីចំនួនពីរគឺ៖ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និង ២. កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនការទូត និងផ្លូវការ។
នៅរសៀលថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសម ចំពោះ ឯកឧត្តមបណ្ឌិត Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្ដៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមបណ្ឌិត Justin Nsengiyumva។ ក្នុងអំឡុង ពេលជួបសម្តែងការគួរសម ឯកឧត្តមនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម ប្រាក់ សុខុន និងគណៈប្រតិភូ ព្រមទាំងបានកោតសរសើរចំពោះការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចុះហត្ថលេខាលើឯកសារទ្វេភាគីទាំងពីរដោយរដ្ឋមន្ត្រីការ បរទេសទាំងពីរ នឹងបើកផ្លូវសម្រាប់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ឈ្វេងយល់ពីវិស័យសក្តានុពលផ្សេងទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់កម្ពុជា និងរវ៉ាន់ដា។
នៅរសៀលថ្ងៃដដែលនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញជួបពិភាក្សា ទ្វេភាគីជាមួយ លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ផងដែរ។ ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រួមមាន មូលបទ និម្មិតសញ្ញា បញ្ហាភស្តុភារ និងការងារពាក់ព័ន្ធសំខាន់ៗ មួយចំនួនទៀត៕




