យោធាអ៊ីស្រាអែល កាលពីថ្ងៃពុធ (១៩ វិច្ឆិកា) បានបង្កើនការវាយប្រហារតាមច្រកអាកាសនៅភាគខាងត្បូងប្រទេសលីបង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ខណៈអ៊ីស្រាអែលជំរុញយុទ្ធនាការវាយប្រហារស្ទើរតែរាល់ថ្ងៃ ក្នុងដែលខ្លួននិយាយអះអាងថា ធ្វើឡើងដើម្បីរារាំងការរស់ឡើងវិញនៃសមត្ថភាពយោធាក្រុមប្រដាប់អាវុធហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ព្រំដែនរបស់ខ្លួន។

អ៊ីស្រាអែល ចោទក្រុមហេសបូឡាថាកំពុងព្យាយាមបំពាក់អាវុធឡើងវិញ ចាប់តាំងពីមានបទឈប់បាញ់ដែលគាំទ្រដោយអាមេរិក កាលពីឆ្នាំមុនមក។ ប៉ុន្តែក្រុមនេះនិយាយថា ខ្លួនបានគោរពតាមតម្រូវការដើម្បីបញ្ចប់វត្តមានយោធាក្នុងតំបន់ព្រំដែនជិតអ៊ីស្រាអែល និងបើកផ្លូវឱ្យកងទ័ពលីបង់ ដាក់ពង្រាយនៅទីនោះ។
កាលពីថ្ងៃពុធដដែល អ្នកស្រុកលីបង់ បានរត់គេចខ្លួន បន្ទាប់ពីអ៊ីស្រាអែល ចេញការព្រមានលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយកំណត់អគារដែលខ្លួនគ្រោងវាយប្រហារនៅក្នុងភូមិចំនួន៤ -- ភូមិ Deir Kifa ភូមិ Chehour ភូមិ Aainata និងភូមិ Tayr Filsay -- នៅភាគខាងត្បូងលីបង់ ដោយនិយាយថា ខ្លួនកំពុងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហេសបូឡា។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារ «កន្លែងផ្ទុកអាវុធដែលជាកម្មសិទ្ធិរបស់អង្គភាពរ៉ូកែតហេសបូឡា» ហើយទីទាំងអស់នេះ «ស្ថិតនៅចំកណ្តាលកន្លែងស៊ីវិល» ហើយថា ខ្លួនបានចាត់វិធានការដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។
យោធាអ៊ីស្រាអែលក៏បានចោទហេសបូឡាថា កំពុងកសាងសមត្ថភាពឡើងវិញ ក្នុងតំបន់ភូមិមួយទៀតឈ្មោះ Beit Lif ដោយអះអាងថាមានទីស្នាក់ការកណ្តាល និងឃ្លាំងផ្ទុកអាវុធហេសបូឡា នៅទីនោះ។ មន្ត្រីហេសបូឡាម្នាក់បានបដិសេធរឿងនេះ ដោយហៅការចោទប្រកាន់របស់អ៊ីស្រាអែលថា «ជាការអះអាងមិនពិតដើម្បីផ្ដល់ភាពត្រឹមត្រូវឱ្យការវាយប្រហារជាបន្តបន្ទាប់របស់ខ្លួន»៕


