ជប៉ុនកំពុងមានអារម្មណ៍ថាមានការសងសឹកសេដ្ឋកិច្ចរបស់ប្រទេសចិន ខណៈជម្លោះការទូតរវាងប្រទេសទាំងពីរលើបញ្ហាកោះតៃវ៉ាន់កាន់តែធ្ងន់ធ្ងរ ដោយក្រុមហ៊ុនទេសចរណ៍បានលុបចោលដំណើរកម្សាន្តជាក្រុម និងក្ដីបារម្ភកាន់តែខ្លាំងអំពីការហាមប្រាមទាំងស្រុងលើអាហារសមុទ្រ និងភាពយន្តជប៉ុន។

ប្រទេសចិនបានបង្ហើបថា ខ្លួនអាចនឹងបញ្ឈប់ការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុនកាលពីថ្ងៃពុធ១៩វិច្ឆិកាសប្ដាហ៍នេះ បន្ទាប់ពីបានព្រមានពលរដ្ឋរបស់ខ្លួនឱ្យជៀសវាងការធ្វើដំណើរទៅជប៉ុន និងពន្យារពេលការចាក់បញ្ចាំងភាពយន្តជប៉ុនយ៉ាងហោចណាស់ពីររឿងនៅក្នុងប្រទេសចិន។
ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅអាស៊ី ត្រូវបានជាប់គាំងក្នុងសង្គ្រាមពាក្យសម្ដី ដែលបានចាប់ផ្តើមនៅពេលនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានប្រាប់ក្រុមសមាជិកសភា កាលពីថ្ងៃ៧ វិច្ឆិកាថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់អាចបង្ខំឱ្យមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូ។ នេះជាលើកដំបូងហើយដែលការអត្ថាធិប្បាយបែបនេះ ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីកាន់អំណាចរបស់ជប៉ុន ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលមានកតិកាសញ្ញាការពារជាតិទៅវិញទៅមកជាមួយទីក្រុងវ៉ាស៊ីនតោន។
ចិន ដែលអះអាងថាកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ជាខេត្តបំបែកខ្លួននឹងត្រូវដណ្តើមយកដោយកម្លាំងប្រសិនបើចាំបាច់ បានទាមទារម្តងហើយម្តងទៀតឱ្យលោកស្រី Takaichi ដកការអត្ថាធិប្បាយដ៏ខុសឆ្គងរបស់ខ្លួនចេញ ដោយនិយាយថា ចិន នឹងចាត់វិធានការតបតធ្ងន់ធ្ងរបើនៅតែបដិសេធ។
ទោះបីជាមិនបានបញ្ជាក់ច្បាស់លាស់ក៏ដោយ ការគំរាមកំហែងរបស់ទីក្រុងប៉េកាំងបានជំរុញឱ្យមានការព្រួយបារម្ភចំពោះសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសជប៉ុន ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិន ជាពិសេស ខណៈទីក្រុងតូក្យូ កំពុងតស៊ូជាមួយនឹងផលប៉ះពាល់នៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក៕


