កម្ពុជា-អាល្លឺម៉ង់បើកការកិច្ចចរចា និងពិភាក្សាលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ទាំងទិដ្ឋភាពបច្ចេកទេស និង ទិដ្ឋភាពនយោបាយ ការពិនិត្យ និងតម្រង់ទិសវិស័យអាទិភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរនាពេលអនាគត។
ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ Christina Laun ប្រធានទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការ សេដ្ឋកិច្ចនិងការអភិវឌ្ឍ (BMZ) នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ ដោយមានការចូលរួមពីឯកឧត្តម Stefan Anton Masserer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ), តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំកម្ពុជា (KFW) និងតំណាងជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តម ឈៀង យ៉ាណារ៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូអាល្លឺម៉ង់ និងបានកោតសរសើរ ចំពោះ ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកិច្ចចរចារឆ្នាំ២០២៥ នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។
លោកជំទាវ Christina Laun ក៏បានកោតសរសើរផងដែរ ចំពោះវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាន ក្នុងការអនុវត្តអាទិភាពអភិវឌ្ឍន៍ជាតិ ប្រកបដោយប្រសិទ្ធភាព ជាពិសេសក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយក្នុង នោះ ភាគីអាល្លឺម៉ង់បានគូសបញ្ជាក់ ពីកិច្ចខិតខំរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច, ប្រព័ន្ធគាំពារសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជាលទ្ធផលនៃកិច្ចចរចានេះ, ភាគីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ និងចាត់ទុកកម្ពុជាជាដៃគូសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អាល្លឺម៉ង់។ ភាគីទាំងពីរបានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឈន៍លើវិស័យអាទិភាពចំនួន៣រួមមាន៖ ១) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព, ២) សុខាភិបាលនិងគាំពារសង្គម, និង ៣) ថាមពល និងអាកាសធាតុ និងវិស័យផ្សេងៗ ដូចជា វិមជ្ឈការនិងវិសហមជ្ឍការ និងឌីជីថលូបនីយកម្ម៕
អត្ថបទ៖ សុន រ៉ាឌី







