ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយថា ស្ថាប័នពិភពលោកមួយនេះ កំពុងជំរុញកិច្ចប្រឹងប្រែងចូលទៅកាន់ក្រុង Al-Fashir ដែលរងគ្រោះដោយទុរ្ភិក្ស ក្នុងតំបន់ Darfur ជាទីដែលសាក្សីបានរាយការណ៍ពីការសងសឹកយ៉ាងឃោរឃៅទ្រង់ទ្រាយធំ ចាប់តាំងពីការកាន់កាប់ដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF របស់ស៊ូដង់ កាលពីខែមុនមក។

ក្នុងបទសម្ភាសន៍កាលពីល្ងាចថ្ងៃអង្គារ (១៨ វិច្ឆិកា) កន្លងទៅ លោក Fletcher បានប្រាប់សារព័ត៌មានរ៉យទ័រថា ការផ្តល់ជំនួយទៅដល់ទីក្រុងនោះនឹងក្លាយជាកិច្ចការដ៏ធំធេងមួយ ខណៈ Al-Fashir ត្រូវចាត់ទុកថាជា "កន្លែងឧក្រិដ្ឋកម្ម" ដូចនៅក្នុងការស៊ើបអង្កេត បន្ទាប់ពីមានរបាយការណ៍អំពីការប្រហារជីវិតដ៏ឃោរឃៅ ការចាប់ឃុំឃាំង និងការរំលោភសេពសន្ទវៈជាប្រព័ន្ធ។
បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់ Darfur លោក Fletcher បាននិយាយថា ច្រកឆ្លងកាត់ប្រកបដោយសុវត្ថិភាពមួយ គឺត្រូវការជាបន្ទាន់ សម្រាប់ឱ្យក្រុមមនុស្សធម៌ចូលទៅក្នុងទីក្រុង និងសម្រាប់អ្នកនៅរស់រាន ចាកចេញពីទីនោះ។ ប្រធានជំនួយរូបនេះបន្តថា កិច្ចពិភាក្សាជាមួយកងកម្លាំង RSF គឺ "លំបាកខ្លាំងណាស់" ប៉ុន្តែលោកសង្ឃឹមថា អង្គការសហប្រជាជាតិនឹងទទួលបានសិទ្ធិចូលទៅកាន់ក្រុងនោះ ក្នុងប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខ។
គួរឱ្យដឹងថា ទីក្រុង Al-Fashir ធ្លាក់ក្នុងដៃយោធាប៉ារ៉ា RSF នៅថ្ងៃទី២៦ ខែតុលា ដោយបានពង្រឹងការគ្រប់គ្រងកាន់តែខ្លាំងរបស់កងកម្លាំងនេះទៅលើតំបន់ Darfur នៅក្នុងសង្រ្គាមជាង ២ឆ្នាំកន្លះរបស់ខ្លួនជាមួយកងទ័ពស៊ូដង់។ ទីក្រុងនេះត្រូវកាត់ផ្តាច់ពីទំនាក់ទំនងខាងក្រៅ ចាប់តាំងពីពេលនោះមក ហើយមនុស្សជាច្រើនត្រូវគេជឿថា នៅតែស្ថិតនៅទីនោះ ក្នុងស្ថានភាពដ៏គ្រោះថ្នាក់៕

