បាល់ទាត់៖ ក្លិបបាល់ទាត់សន្តិភាពខេត្តកំពង់ធំបានត្រឹម ១ពិន្ទុជាថ្មីក្នុងការប្រកួតសប្ដាហ៍ទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៦ (ថ្នាក់ខេត្ត) ឆ្នាំ២០២២ ក្រោយបន្ដប្រកួតស្មើសមាគមកីឡាបាល់ទាត់ខេត្តមណ្ឌលគិរី ០-០ នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យកាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ។
តាមរយៈការចែកគ្នា ១ពិន្ទុម្នាក់នេះបានធ្វើឲ្យក្រុមសន្ដិភាពខេត្តកំពង់ធំរក្សាកៅអីលេខ៣ ក្នុងពូល D ជាបណ្ដោះអាសន្នដោយមាន ២ពិន្ទុក្នុងដៃ បន្ទាប់ពីប្រកួតបើកឆាករបស់ពួកគេស្មើក្រុមអធិរាជដំរីឦសានខេត្តរតនគិរី ដោយលទ្ធផល ២-២ កាលពីថ្មីៗ។ រីឯប្រកួតទី២ របស់ក្រុមអធិរាជដំរីឦសានវិញគឺបានយកឈ្នះសមាគមកីឡាខេត្តព្រះវិហារ ៤-០។ ជ័យជម្នះនេះបានធ្វើឲ្យពួកគេឈរកំពូលតារាងពូល D ជាបណ្ដោះអាសន្នដោយមាន ៤ពិន្ទុស្មើសមាគមកីឡាបាល់ទាត់ខេត្តមណ្ឌលគិរីដែរ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងស្មើ ១ ដូចគ្នា។
ដោយឡែកលទ្ធផល ២គូផ្សេងទៀតក្នុងពូល C នៃសប្ដាហ៍ទី២ គឺខេត្តឧត្ដរមានជ័យប្រកួតស្មើក្រុមបាត់ដំបងអេហ្វស៊ី ២-២ ស្របពេលក្រុមឬទ្ធីសែនបានយកឈ្នះក្រុមម្ចាស់ផ្ទះសូហ្វីយ៉ាប៉ៃលិន ១-០។ លទ្ធផលនេះនាំឲ្យក្រុមឬទ្ធីសែនឈរកំពូលតារាងបណ្ដោះអាសន្នមាន ៦ពិន្ទុពេញក្រោយឈ្នះ ២ប្រកួតជាប់គ្នា គ្រាដែលក្រុមបាត់ដំបងអេហ្វស៊ីរកបាន ២ពិន្ទុ ខណៈខេត្តឧត្ដរមានជ័យ និងក្រុមសូហ្វីយ៉ាប៉ៃលិនមាន ១ពិន្ទុស្មើគ្នា៕
អត្ថបទ៖ លី ឈុនឡា