ប្រមុខទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ១៩វិច្ឆិកាសប្ដាហ៍នេះ បានបន្តអំពាវនាវជាថ្មីទៀតដល់អ៊ីរ៉ង់អនុញ្ញាតឲ្យមានការត្រួតពិនិត្យនៅទីតាំងនុយក្លេអ៊ែរសំខាន់ៗដែលត្រូវបានវាយប្រហារដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកក្នុងខែមិថុនា ២០២៥។

ភាពតានតឹងរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានផ្ទុះឡើងម្តងហើយម្តងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយកាន់តែក្ដៅខ្លាំងបន្ទាប់ពីសង្គ្រាមរយៈពេល ១២ ថ្ងៃកាលពីខែមិថុនា ដែលបានមើលឃើញការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់។ ចាប់តាំងពីសង្គ្រាមមក ក្រុមអធិការកិច្ចរបស់ទីភ្នាក់ងារនេះ មិនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីតាំងដូចជាFordoនិងNatanz ដែលរងការវាយប្រហារនោះទេ ប៉ុន្តែពួកគេអាចទៅពិនិត្យមើលទីតាំងផ្សេងទៀត។
លោក Rafael Grossi ប្រមុខ IAEA បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងវីយែនថាពួកលោកបានត្រួតពិនិត្យមួយចំនួន ប៉ុន្តែមិនអាចទៅកាន់ទីតាំងដែលបានរងការវាយប្រហារបានទេ។លោកសង្ឃឹមថាក្រុមការងារនឹងអាចធ្វើបាន។ជាការពិតណាស់ពួកលោកត្រូវតែទៅព្រោះនេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់។
ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានដាក់ជូនសេចក្តីព្រាងសេចក្តីសម្រេចមួយទៅកាន់ក្រុមប្រឹក្សាភិបាល ដែលត្រូវបានមើលឃើញសារព័ត៌មាន AFP កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយជំរុញឱ្យអ៊ីរ៉ង់សហការយ៉ាងពេញលេញជាមួយទីភ្នាក់ងារ IAEA។
សេចក្ដីព្រាង ដែលគេរំពឹងថា នឹងត្រូវបានដាក់ឲ្យបោះឆ្នោតដោយក្រុមប្រឹក្សា IAEA អំឡុងកិច្ចប្រជុំរបស់ខ្លួននៅសប្ដាហ៍នេះ សង្កត់ធ្ងន់ថា វាពិតជាចាំបាច់សម្រាប់អ៊ីរ៉ង់ ក្នុងការអនុវត្តតាមកាតាពកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញាមិនរីកសាយអាវុធ៕

