(អ៊ីជីហ្គាយ៉ា និង ហ្វូជី) បន្ទាប់ពីចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងកម្លាំងស្វ័យការពារជប៉ុនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តដឹកនាំគណៈប្រតិភូទស្សនកិច្ច ដើម្បីស្វែងយល់បទពិសោធន៍ នៅកងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន ក្នុងគោលបំណងបង្កើនលទ្ធភាព ក្នុងកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា និងកងទ័ពជប៉ុនឲ្យកាន់តែល្អប្រសើបន្ថែមទៀត មុនឈានដល់ប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចទៅកាន់កន្លែងសំខាន់ៗរបស់កងស្វ័យការពារជើងគោកជប៉ុននេះ គណៈប្រតិភូកម្ពុជា ស្តាប់បទបង្ហាញអំពីអង្គភាព និងទស្សនាការសម្តែង លោតឆត្រយោង ការហ្វឹកហ្វឺនបាញ់ គ្រាប់ពិតពីរថក្រោះ និង ការដាក់តាំង យុទ្ធោបករណ៍ ផ្សេងៗផងដែរពីសំណាក់កងទ័ពជប៉ុន។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជានេះ គឺតបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ដោយប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នេះត្រូវបានរដ្ឋាភិបាល ជប៉ុនយកយន្តហោះពិសេសរបស់ខ្លួនមកដឹកដោយផ្ទាល់ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីបង្ការនៃការ ឆ្លងមេរោគកូវីដ១៩៕ អត្ថបទ៖ បាន ចក់




