មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានកាលពីថ្ងៃពុធ (១៩ វិច្ឆិកា) ថា កំណើនសេដ្ឋកិច្ចនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២០ ក្នុងពិភពលោក ឬហៅថាប្រទេស G20 នឹងកើនឡើងត្រឹមតែ ២,៩% ប៉ុណ្ណោះក្នុងឆ្នាំ២០៣០ ស្របពេលភាពគាំពារនិយមកាន់តែច្រើន និងភាពមិនច្បាស់លាស់ខាងគោលនយោបាយ ដែលជាចក្ខុវិស័យរយៈពេលមធ្យមដ៏ទន់ខ្សោយបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៩ មក។

ក្នុងរបាយការណ៍មួយទៅកាន់ក្រុម G20 ស្ថាប័នផ្តល់ប្រាក់កម្ចីសកលមួយនេះ បានលើកពីបញ្ហាប្រឈមជាច្រើន ដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះ រួមទាំងការពង្រីកសមតុល្យលើសលប់ពេក និងការរីងស្ងួតនៃធនធានហិរញ្ញវត្ថុជាតិ ក៏ដូចជាប្រជាជនវ័យចំណាស់ច្រើនខ្លាំងហួសហេតុនៅក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿន។

គិតតាមប្រទេស របាយការណ៍នេះនិយាយថា ប្រទេសសេដ្ឋកិច្ចជឿនលឿនរបស់ G20 ដូចជាសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានព្យាករថានឹងមានកំណើនសេដ្ឋកិច្ចត្រឹមតែ ១,៤% ប៉ុណ្ណោះក្នុងឆ្នាំ២០៣០។
ដោយឡែក សម្រាប់សេដ្ឋកិច្ចទីផ្សារដែលកំពុងរីកចម្រើន G20 ដូចជា អាហ្សង់ទីន ប្រេស៊ីល ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអ៊ូឌីត អាហ្រ្វិកខាងត្បូង និងទួរគី - របាយការណ៍ IMF និយាយថា អាចឃើញកំណើនខ្លាំងជាង ក្នុងអត្រា ៣,៩%៕