អឺរ៉ុប៖ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg និយាយថា ពុំមានសញ្ញាបញ្ជាក់ថា កងកម្លាំងរុស្ស៊ីកំពុងបន្ធូរបន្ថយភាពតានតឹងជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែនទេ ទោះបីទីក្រុងមូស្គូអះអាងថា ខ្លួនកំពុងដកកងទ័ពមួយចំនួនចេញពីព្រំដែនក៏ដោយ។ លោកថា រុស្ស៊ីនៅតែប្រមូលផ្ដុំកងកម្លាំងយ៉ាងច្រើនដើម្បីវាយប្រហារអ៊ុយក្រែន។

ទាំងសហរដ្ឋអាមេរិក ទាំងអង្គការណាតូនិយាយថា រុស្ស៊ីនៅតែកំពុងបង្កើនកម្លាំងកងទ័ពជុំវិញអ៊ុយក្រែនកាលពីថ្ងៃពុធ ទោះបីជាមានការទទូចពីរុស្ស៊ីថា ខ្លួនបានកំពុងដកកងទ័ពក៏ដោយ ដែលនាំឲ្យមានការចោទជាសំណួរអំពីក្ដីបំណងរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលថា លោកចង់បានដំណោះស្រាយវិបត្តិនេះតាមរយៈការចរចាការទូត។ យ៉ាងណាក៏ដោយ ប្រមុខអង្គការណាតូរូបនេះបានព្រមានថា ការគំរាមកំហែងពីរុស្ស៊ីបានក្លាយទៅជារឿងធម្មតាថ្មី ដោយបន្ថែមថា សម្ព័ន្ធការពារមួយនេះកំពុងពិចារណាពង្រឹងកម្លាំងនៅក្នុងតំបន់ភាគខាងកើតរបស់ខ្លួន។
ក្រោយមកប្រទេសរុស្ស៊ីបានច្រានចោលពីការវិនិច្ឆ័យស្ថានភាពនេះរបស់លោក Stoltenberg។ អ្នកនាំពាក្យក្រុងក្រឹមឡាំងបានបញ្ជាក់ជាថ្មីថា ទាហានមួយចំនួនកំពុងត្រូវបានដកចេញក្រោយការបញ្ចប់សមយុទ្ធយោធា។ ក្រសួងការពារជាតិរបស់រុស្ស៊ីក៏បានបញ្ចេញរូបភាពវីដេអូផងដែរកាលពីថ្ងៃពុធ បង្ហាញពីរថក្រោះជាច្រើនគ្រឿងកំពុងចាកចេញពីតំបន់គ្រីមៀ ដែលជាឧបសម្ព័ន្ធរបស់ក្រុងមូស្គូ។ ជាមួយគ្នានោះដែរ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនលែងចាប់អារម្មណ៍នឹងសេចក្ដីថ្លែងការណ៍របស់លោក Stoltenberg ទៀតហើយ៕
អត្ថបទ៖ សុខមាន