តំណាងអចិន្ត្រៃយ៍អាមេរិកប្រចាំអង្គការណាតូ លោក Matthew Whitaker បានថ្លែងថា សហរដ្ឋអាមេ រិក មិនមានបំណងពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន តាមមធ្យោបាយណាមួយឡើយ ប៉ុន្តែខ្លួនមានផែនការធ្វើទំនើបកម្មពួកវា។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloombergថា៖«ខ្ញុំមិនគិតថា យើងចង់ពង្រីកសមត្ថភាពនុយក្លេអ៊ែរទេ។ ទោះជាយ៉ាងណាក៏ដោយ យើងចង់បានទំនើប ហើយការធ្វើទំនើបកម្ម គឺចាំបាច់ណាស់»។
បេសកជនអាមេរិករូបនេះ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នៅតែត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ឲ្យអឺរ៉ុបនូវ«ឆ័ត្រនុយក្លេអ៊ែរ» ប៉ុន្តែបានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ «ដើម្បីធ្វើឲ្យប្រាកដថា យើងមិនមានការរីកសាយភាយ និងការធ្វើឲ្យការគំរាមកំហែងនុយក្លេអ៊ែរកើនឡើងទេ»។

នៅថ្ងៃទី២២ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រកាសនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រការរឹតបន្តឹងបរិមាណសំខាន់ៗនៃសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) សម្រាប់រយៈពេលមួយឆ្នាំ បន្ទាប់ពីផុត កំណត់។

សន្ធិសញ្ញានេះ នឹងផុតកំណត់នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ទោះជាយ៉ាងណាក៏ដោយ ដូចដែលមេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា វិធានការនេះ អាចអនុវត្តបាន លុះត្រាតែទីក្រុងវ៉ាស៊ីនតោនធ្វើសកម្មភាពស្រដៀងគ្នា។ ជាការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន TASS កាលពីថ្ងៃទី ០៥ ខែតុលា មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានហៅសំណើរបស់លោក ពូទីន ថា ជាគំនិតល្អ៕