បាល់ទាត់៖ ក្រុមជើងឯកបារាំង Paris Saint Germain បានខកឱកាសឡើងកំពូលតារាងក្របខណ្ឌបារាំង Ligue 1 ក្រោយបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ ដែលកំពុងដុនដាប Nantes ក្នុងទឹកដីខ្លួនឯង។

ទោះបីជា Julien Draxler ស៊ុតបើកការនាំមុខមុននៅមុនចប់វគ្គទី១ ក្រុមភ្ញៀវ Nantes ក៏បានវាយបកយកឈ្នះវិញ ២គ្រាប់នៅវគ្គទី២ ដោយ Kolo Muani នាទីទី៥៩ និង Moses Simon ស៊ុតគ្រាប់ជ័យជំនះនៅនាទីទី៧១។ បរាជ័យនេះធ្វើឲ្យក្រុមរបស់លោក Mauricio Pochettinoដែលទើបទំលាក់ Barcelona នៅ Champions League នោះមិនអាចឡើងកំពូលតារាងបាន និងបន្តឈរលេខ២ ដេញពីក្រោយក្រុមកំពូលតារាង Lille ៣ពិន្ទុ។ បរាជ័យនេះដែរធ្វើឲ្យ Paris Saint Germain ស្គាល់ចាញ់ក្នុងទឹកដី Parc de Prince ជាលើកដំបូងគិតពីឆ្នាំ២០១២។ ដោយឡែក Nantes ៣ពិន្ទុដ៏មានសារសំខាន់នេះធ្វើឲ្យពួកឡើងមកលេខ១៨ ដេញពីក្រោយតំបន់សុវត្ថិភាព ១ពិន្ទុប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ