លោក Vasily Nebenzya តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ការប៉ុនប៉ងរបស់អ៊ីស្រាអែលក្នុងការបង្កើតតំបន់ទ្រនាប់មួយនៅភាគខាងត្បូងនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបង្កការគំរាមកំហែងសន្តិសុខដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។

លោកបានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសស៊ីរីថា៖«យើងមិនអាចព្រងើយកន្តើយចំពោះសកម្មភាពខុសច្បាប់របស់ទីក្រុងហ្ស៊េរុយសាឡឹមខាងលិច ដែលបន្តកាន់កាប់តំបន់ខ្ពង់រាប Golan Heights របស់ស៊ីរីបានទេ ហើយក្រោមលេសការពារខ្លួន បានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីបង្កើតតំបន់ទ្រនាប់មួយនៅភាគខាងត្បូងនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី»។

«សកម្មភាពបែបនេះ រំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កការគំរាមកំហែងសន្តិសុខដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។ យើងអំពាវនាវឲ្យអ៊ីស្រាអែលគោរពតាមកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឆ្នាំ ១៩៧៤។ លោក Nebenzya ក៏បានកត់សម្គាល់ផងដែរថា រុស្ស៊ីចែករំលែកការព្រួយបារម្ភរបស់ទីក្រុងដាម៉ាស អំពីការគំរាមកំហែងភេរវកម្ម ដែលកំពុងបន្តកើតមាននៅក្នុងប្រទេសនេះ។
លោកបានបន្ថែមថា៖«ក្នុងន័យនេះ យើងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរស៊ីរី ក្នុងការកម្ចាត់បុគ្គល និងអង្គភាពដែលសកម្មភាពរបស់ពួកគេមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ភាពជារដ្ឋស៊ីរីប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសជិតខាងទៀតផង»៕