អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានគោលបំណងចាក់វ៉ាក់សាំងដល់កុមារជាង ៤០.០០០ នាក់ បង្ការជំងឺផ្សេងៗ នៅតំបន់ហ្កាហ្សា ខណៈដែលខ្លួនទាញយកអត្ថប្រយោជន៍ពីបទឈប់បាញ់ថ្មីៗនេះ។

អង្គការសុខភាពពិភពលោក និងដៃគូរបស់ខ្លួន បានចាក់វ៉ាក់សាំងដល់កុមារអាយុក្រោមបីឆ្នាំជាង ១០.០០០ នាក់ រួចហើយ ក្នុងរយៈពេល ៨ថ្ងៃដំបូងនៃដំណាក់កាលដំបូងនៃយុទ្ធនាការដែលបានចាប់ផ្តើម កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការ WHO បាននិយាយថា ដំណាក់កាលទី១ នៃកម្មវិធីនេះ ត្រូវបានបន្តរហូតដល់ថ្ងៃសៅរ៍ ហើយសង្ឃឹមថា នឹងការពារកុមារពីជំងឺកញ្ជ្រឹល ជំងឺស្រឡទែន ជំងឺស្អូច ជំងឺខាន់ស្លាក់ ជំងឺតេតាណូស ជំងឺក្អកមាន់ ជំងឺរលាកថ្លើមប្រភេទ B ជំងឺរបេង ជំងឺស្វិតដៃជើង ជំងឺរ៉ូតាវីរុស (មេរោគដែលបណ្តាលឲ្យរលាកក្រពះពោះវៀនធ្ងន់ធ្ងរ) និងជំងឺរលាកសួត។

ដំណាក់កាលទី២ និងទី៣នៃយុទ្ធនាការ ដែលកំពុងត្រូវបានធ្វើឡើងរួមគ្នាជាមួយ អង្គការ UNICEF ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និងក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស ត្រូវបានគ្រោងទុកសម្រាប់ខែធ្នូ និងខែមករា។
ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា លោកមានការលើកទឹកចិត្តដែលបានឃើញបទឈប់បាញ់ នៅតែបន្ត ព្រោះវាអនុញ្ញាតឲ្យអង្គការសុខភាពពិភពលោក និងដៃគូរបស់ខ្លួន ពង្រឹងសេវាសុខភាពសំខាន់ៗ នៅទូទាំងតំបន់ហ្កាហ្សា និងគាំទ្រដល់ការកសាងឡើងវិញនូវឧបករណ៍ចាំបាច់ និងការកសាងប្រព័ន្ធសុខាភិបាលដែលត្រូវបានបំផ្លាញរបស់ខ្លួន ឡើងវិញ»៕