ស៊ីហ្គេម៖ ឯកឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានជំរុញឲ្យគ្រូបង្វឹក និងគ្រូជំនួយត្រូវពង្រឹងការរៀបចំផែនការសកម្មភាពឲ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាខែឧសភា ឆ្នាំ២០២២ ខាងមុខ។

ការជំរុញនេះធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពីការរៀបចំផែនការចូលរួមប្រកួតកីឡាស៊ីហ្គេមដល់គ្រូបង្វឹក និងគ្រូជំនួយនៃក្រុមជម្រើសជាតិតាមប្រភេទកីឡានីមួយៗដែលធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ អគ្គនាយកកីឡាដដែលបានគូសបញ្ជាក់ថា វិស័យកីឡាកម្ពុជាកំពុងធ្វើដំណើរប្រកបដោយភាពជឿជាក់ និងស្វាហាប់សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ប៉ុន្តែមុនឈានដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជានេះ ក៏ត្រូវឆ្លងកាត់ការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាមសិនដែរ។ តាមរយៈនេះ គ្រូបង្វឹក និងគ្រូជំនួយនៃក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ ត្រូវបន្ដកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការរៀបចំផែនការរបស់ខ្លួន ពិសេសការបង្ហាត់កីឡាករ-កីឡាការិនី ដើម្បីធានាបាននូវគុណផលកីឡាកម្រិតខ្ពស់ ទាំងសមត្ថភាព និងបច្ចេកទេស ដើម្បីឆ្ពោះទៅរកជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទាំង ២លើកចំពោះមុខ។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់ថា សិក្ខាសាលាមានគ្រូបង្វឹក និងគ្រូជំនួយចូលរួមផ្ទាល់ ៥៤នាក់ និងចូលរួមតាមប្រព័ន្ធ Zoom ១១២នាក់លើ ៣៨ប្រភេទកីឡា។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីជំរុញការយល់ដឹងរបស់គ្រូបង្វឹក និងគ្រូជំនួយអំពីបេសកកម្មការរៀបចំផែនការ និងស្គាល់តួនាទីភារកិច្ចរបស់ខ្លួនប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ ប្រកបដោយកិត្តិយស មោទនភាពជាតិ មុនចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមនាពេលឆាប់ៗខាងមុខ ឲ្យទទួលបានជោគជ័យជូនជាតិមាតុភូមិ។ គួរដឹងថា ស៊ីហ្គេមលើកទី៣១ នៅវៀតណាមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ក្រោយពន្យាពេលមកពីចុងឆ្នាំ២០២១។ ព្រឹត្តិការណ៍នេះត្រូវបានកម្ពុជាចាត់ទុកជាហ្គេមយុទ្ធសាស្ដ្រ ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា