ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បាននិយាយកាលពីថ្ងៃពុធ (១៩ វិច្ឆិកា) ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលក់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin និងគ្រាប់កាំភ្លើងផ្លោងមានប្រព័ន្ធនាំផ្លូវ Excalibur ក្នុងតម្លៃ ៩៣លានដុល្លារ ទៅឱ្យប្រទេសឥណ្ឌា។
ការទិញយុទ្ធោបករណ៍ការពារជាតិរបស់សហរដ្ឋអាមេរិកនេះ គឺជាលើកដំបូងហើយរបស់ឥណ្ឌា ក្រោមកម្មវិធីលក់យោធាបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីទំនាក់ទំនងបានធ្លាក់ចុះនៅក្នុងខែសីហា ក្រោយលោកប្រធានាធិបតី Donald Trump បានដំឡើងពន្ធទ្វេដងលើទំនិញឥណ្ឌាដល់អត្រា ៥០% ជុំវិញការទិញប្រេងរុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារ DSCA បាននិយាយថា៖ ការទិញលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងអាមេរិក-ឥណ្ឌា និងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃដៃគូការពារជាតិដ៏សំខាន់មួយ។
ទីភ្នាក់ងារ DSCA បានបន្តថា រដ្ឋាភិបាលឥណ្ឌា បានស្នើទិញគ្រាប់យុទ្ធសាស្ត្រ Excalibur រហូតដល់ ២១៦ដើម និងប្រព័ន្ធ Javelin ចំនួន១០០គ្រឿង ។ ប្រទេសឥណ្ឌា បានប្រើប្រាស់គ្រាប់ផ្លោង Excalibur នេះរួចទៅហើយនៅក្នុងម៉ាស៊ីនបាញ់ M-777 របស់ខ្លួន៕
