ប្រភពចំនួន៤ បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រេសិតពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទទួលបន្ទុកអ៊ុយក្រែន គឺលោក Keith Kellogg បានប្រាប់សហការីរបស់ខ្លួនថា លោកគ្រោងនឹងចាកចេញពីតំណែងនេះនៅខែមករា ឆ្នាំ២០២៦។ ការចាកចេញរបស់លោក Kellogg នឹងក្លាយជាការបាត់បង់អ្នកតស៊ូមតិដ៏សំខាន់មួយរូបសម្រាប់អ៊ុយក្រែន ក្នុងរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន។
គួរឱ្យដឹងថា ប្រេសិតពិសេសរបស់ប្រធានាធិបតី គឺជាការចាត់តាំងបណ្តោះអាសន្នប៉ុណ្ណោះ ហើយបើតាមទ្រឹស្តី ប្រេសិតបែបនេះត្រូវតែទទួលបានការបញ្ជាក់ពីព្រឹទ្ធសភាដើម្បីបន្តនៅក្នុងមុខតំណែងរបស់ពួកគេ ក្នុងពេល ៣៦០ថ្ងៃ។ ប្រភពនិយាយថា លោក Kellogg បានលើកឡើងថា ខែមករា ឆ្នាំ២០២៦ នឹងជាពេលវេលាបញ្ចប់នៃអាណត្តិ ៣៦០ថ្ងៃ ស្របតាមច្បាប់ដែលមានស្រាប់នោះ។

ការចាកចេញនេះនឹងជាដំណឹងមិនគួរឱ្យរីករាយនោះទេសម្រាប់ទីក្រុងគីវ។ ឧត្តមសេនីយឯកចូលនិវត្តន៍រូបនេះ ត្រូវបានអ្នកការទូតអ៊ឺរ៉ុប និងភាគីអ៊ុយក្រែនមើលឃើញយ៉ាងទូលំទូលាយថា ជាអ្នកគាំទ្រអ៊ុយក្រែនដ៏សំខាន់ក្នុងរដ្ឋបាលអាមេរិក។ ដំណឹងនេះបានកើតឡើងខណៈដែលអ៊ុយក្រែន កំពុងប្រឈមបញ្ហាថ្មីលើសមរភូមិការទូត។
ប្រភពរ៉យទ័រ បាននិយាយកាលពីថ្ងៃពុធថា អាមេរិក បានផ្តល់សញ្ញាប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថា ទីក្រុងគីវត្រូវតែទទួលយកក្របខណ្ឌដែលតាក់តែងឡើងដោយអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដែលស្នើឱ្យទីក្រុងគីវ បោះបង់ចោលទឹកដី និងអាវុធមួយចំនួន។ សំណើសន្តិភាព ដែលក៏រួមបញ្ចូលទាំងការកាត់ទំហំកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែននេះ នឹងតំណាងឱ្យជំហានថយក្រោយដ៏ធំមួយសម្រាប់ទីក្រុងគីវ៕

