ប្រជាជននៅទីក្រុងដែលី ប្រទេសឥណ្ឌា បានជំរុញឱ្យអាជ្ញាធរពង្រីកគម្របព្រៃបៃតងនៅរដ្ឋធានីដើម្បីដោះស្រាយវិបត្តិបរិស្ថានដែលកំពុងបន្តកើតមាន ខណៈសន្ទស្សន៍គុណភាពខ្យល់នៅតែខ្ពស់ក្នុងកម្រិតគ្រោះថ្នាក់ខ្លាំងនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកានេះ។

យោងតាមទីភ្នាក់ងារព្យាករអាកាសធាតុ SAFAR បានឲ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់នៅទីក្រុង ត្រូវបានកត់ត្រានៅក្នុងកម្រិត៣៩៩ ជាកម្រិតត្រូវបានចាត់ថ្នាក់ថា «គុណភាពធ្លាក់ចុះខ្លាំង»។
ប្រទេសឥណ្ឌា មានបំណងបង្កើនផ្ទៃដីព្រៃឈើ និងគម្របព្រៃបៃតងរបស់ខ្លួនដល់មួយភាគបីនៃផ្ទៃដីសរុបនៅត្រឹមឆ្នាំ២០៣០ កើនឡើងពីប្រហែលមួយភាគបួន ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ប្រទេសដើម្បីការកាត់បន្ថយការបំភាយឧស្ម័នកាបូន និងបំពេញតាមការសន្យាដែលបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។
រដ្ឋាភិបាលទីក្រុងដែលី បានដាក់បម្រាមលើការងារសំណង់ដែលមិនចាំបាច់ក្នុងចំណោមវិធានការផ្សេងៗទៀតដើម្បីដោះស្រាយកម្រិតកង្វក់ខ្យល់ដែលកំពុងកើនឡើង។
