អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃពុធ បានច្រានចោលការអះអាងកាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថា ទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោននឹងបើកការចរចានុយក្លេអ៊ែរ។ លោក បាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតេអេរ៉ង់ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា សហរដ្ឋអាមេរិកនឹងចរចាជាមួយអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់ ចង់ឲ្យមានកិច្ចព្រមព្រៀងមួយយ៉ាងខ្លាំង។

នៅក្នុងជំនួបកាលពីថ្ងៃអង្គារជាមួយរាជទាយាទអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman នៅឯសេតវិមាន លោកTrump បាននិយាយថា «យើងនឹងនិយាយជាមួយពួកគេ ហើយយើងនឹងចាប់ផ្តើមដំណើរការមួយ។ ប៉ុន្តែវានឹងជារឿងល្អក្នុងការមានកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់»។ លោក Baghaei បានសង្កត់ធ្ងន់ថា «បច្ចុប្បន្ន ពុំមានដំណើរការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទេ»។
ទាក់ទងនឹងសារមួយពីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ទៅកាន់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មុនដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅកាន់សហរដ្ឋអាមេរិក លោក Baghaei បាននិយាយថា វាជារឿងទ្វេភាគីសុទ្ធសាធ។ សារនេះក៏បានបង្ហាញពីការដឹងគុណរបស់អ៊ីរ៉ង់ចំពោះសេវា ដែលផ្តល់ដល់អ្នកធ្វើធម្មយាត្រាអ៊ីរ៉ង់ក្នុងអំឡុងពេលបុណ្យហាជ(Hajj) កាលពីឆ្នាំមុន និងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសម្របសម្រួលជាបន្តបន្ទាប់ចំពោះធម្មយាត្រាឆ្នាំនេះ។
