ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសវៀតណាមមានគោលបំណងឱ្យយានយន្តដឹកជញ្ជូនសាធារណៈទាំងអស់នៅក្នុងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលនៅភាគខាងត្បូង ប្រើប្រាស់ថាមពលស្អាត បៃតង និងមិនប៉ះពាល់ដល់បរិស្ថាននៅឆ្នាំត្រឹម ២០៣០។ គោលដៅនេះត្រូវបានកំណត់ក្រោមផែនការសកម្មភាពជាតិដែលទើបអនុម័តថ្មីស្តីពីការកាត់បន្ថយកង្វក់ខ្យល់ និងការគ្រប់គ្រងគុណភាពខ្យល់។

ផែនការ ដែលត្រូវបានរៀបចំឡើងសម្រាប់រយៈពេលពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៤៥ ក៏បានអំពាវនាវឱ្យមានគោលនយោបាយដើម្បីគាំទ្រដល់ការផ្លាស់ប្តូរនៃយានយន្តរត់ឈ្នួលកក់សេវាតាមទូរស័ព្ទ និងយានយន្តដឹកជញ្ជូនផ្អែកលើបច្ចេកវិទ្យា ឲ្យទៅជាថាមពលស្អាត បៃតង និងមិនប៉ះពាល់ដល់បរិស្ថាន។
យោងតាមរបាយការណ៍បានឲ្យដឹងថា ប្រទេសនេះមានគោលបំណងឱ្យមានអគារបៃតងចំនួន ១.២០០ កន្លែងនៅទូទាំងប្រទេសនៅត្រឹមឆ្នាំ ២០៣០។ ក្រោមផែនការនេះ កំហាប់ភាគល្អិតល្អន់ PM2.5 ជាមធ្យមប្រចាំឆ្នាំរបស់ទីក្រុងហាណូយ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះក្រោម ៤០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៅត្រឹមឆ្នាំ ២០៣០ ដែលជាការធ្លាក់ចុះ ២០ ភាគរយពីកម្រិតមធ្យមឆ្នាំ ២០២៤។
